(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីពិធីសម្ពោធអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នាព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា ប្រធានអនុសាខាកាកបាទក្រហមស្រុក ត្រូវមានភាពម្ចាស់ការលើខ្លួនឯងចំពោះការស្វែងរកអំណោយពីសប្បុរសជននានា ដើម្បីត្រៀមបម្រុងទុកសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារធម្មជាតិនានា ឲ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារ ដោយយើងមិនបានដឹងនោះទេ។
ទន្ទឹមនឹងនោះលោក សុខ លូ ក៏បានអំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញបន្ថែមការអប់រំ និងផ្សព្វផ្សាយអំពីបញ្ហាសំរាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្សតាម មធ្យោបាយណាមួយ ដើម្បីចូលរួមសម្អាតបរិស្ថាន ការរក្សាអនាម័យនៅបរិវេណជុំវិញផ្ទះ ក៏ដូចជានៅកន្លែងសាធារណៈឲ្យបានស្អាត ជាពិសេសការបន្ទរបង់ ត្រូវរកកន្លែងគួរសម (បន្ទប់ទឹក) មិនត្រូវបន្ទូបង់គ្រប់ទីកន្លែងទេ ដោយផ្តើមការភ្ញាក់រលឹកពីខ្លួនយើង សូមចូលរួម អនុវត្ត ទាំងអស់គ្នា។
លើសពីនេះទៀត លោក សុខ លូ សូមអំពាវនាវដល់ក្មួយៗ បងប្អូនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរបើកបររថយន្ត ត្រូវពាក់ខ្សែ ក្រវាត់ សូមចូលរួមគោរពចរាចរណ៍ទាំងអស់គ្នា។
ម្យ៉ាងវិញទៀត សូមក្មួយៗចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំស្តាប់ពីជនណាម្នាក់ថា ថ្នាំនេះជួយឲ្យស្អាត រៀនពូកែ សូមកុំជឿឲ្យសោះ ហើយក៏មិនត្រូវសាកល្បងដែរ និងរស់នៅតាមបែបកន្លងថ្មី ដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំ ដើម្បីជៀសវាងនូវការឆ្លងជំងឺកូវីដ១៩៕