(បន្ទាយមានជ័យ)៖ ឃាតកដែលសម្លាប់បុរសវ័យចំណាស់ម្នាក់ស្លៀកពាក់ឈុតទាហាន ត្រូវបាននគរបាឃាត់ខ្លួនបានហើយ ពោលជននេះជាមនុស្សញៀនថ្នាំ ហើយបំណងសម្លាប់ជនរងគ្រោះ គឺចង់យកម៉ូតូទៅលក់ទិញថ្នាំជក់បន្ត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបុរសវ័យចំណាស់ម្នាក់ស្លៀកពាក់ឈុតទាហាន ត្រូវជនមិនស្គាល់មុខយកដំបងវាយបណ្តាលឲ្យរបួសធ្ងន់ រួចពេលបញ្ជូនដល់មន្ទីរពេទ្យស្លាប់។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ុង រឿង អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថា នៅពេលព្រឹកនោះប្រជាពលរដ្ឋ បានប្រទះឃើញជនរងគ្រោះ ត្រូវគេវាយដុំឡើងសុះសាច់ដេកសន្លប់នៅកន្លែង ស្របពេលនោះប្រជាពលរដ្ឋក៏ជួយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ដោយសារតែកាវាយដុំរបួសធ្ងន់ពេក ជនរងគ្រោះក៏បានស្លាប់ទៅ។
ក្រោយមានឃាតកម្មសម្លាប់មនុស្ស លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាឲ្យសមត្ថកិច្ចជំនាញចុះតាមចាប់ឃាតកឲ្យបាន។ លុះនៅល្ងាចនេះ នគរបាលស្រុកម៉ាឡៃ បានឃាត់ខ្លួនឃាតកបាននៅក្នុងស្រុកម៉ាឡៃ។
ជនដៃដល់មានឈ្មោះ វុន ឡៃហៀក អាយុ២៦ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំម៉ាឡៃ។ បើតាមសមត្ថកិច្ច ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារតែជក់ថ្នាំញៀនខ្លាំង គ្មានលុយទិញថ្នាំញៀនជក់បន្ត ក៏មានបំណងយកដំបងវាយទៅលើជនរងគ្រោះ ដើម្បីយកម៉ូតូទៅលក់ទិញថ្នាំញៀនជក់បន្ត។
ក្រោយពីសារភាពហើយ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕