(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកស្រី ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះអនុស្សារណៈយោគយល់គ្នាចំនួន ២ សម្រាប់សាងសង់អគារសាលារៀនមាន ៣ បន្ទប់សម្រាប់សិស្សថ្នាក់ថ្នាក់ទី១ ដល់ថ្នាក់ទី៣ និងសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំបូល នៅសង្កាត់កំបូល ខណ្ឌកំបូល ក្រោមគម្រោងផលប៉ះពាល់រហ័ស (QIP) របស់រដ្ឋាភិបាលប្រទេសទាំងពីរ។
លោកស្រី អ៉ឹង កន្ថាផាវី បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោង QIP ផ្សេងៗ ដោយក្រសួងកិច្ចការនារី រួមទាំងគម្រោងលើកកម្ពស់ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជួយសម្រួលដល់សិស្សនិស្សិត ជាពិសេសកុមារី និងកែលម្អលក្ខខណ្ឌសិក្សារៀនសូត្ររបស់ពួកគេ តាមរយៈការសាងសង់បង្គន់អនាម័យ និងបន្ទប់រៀនថ្មី។
លោកស្រីរដ្ឋមន្រ្តីបានបន្តថា គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺពិតជាស្របទៅនឹងគោលដៅរួមនៃយុទ្ធសាស្ត្រជាតិ និងផែនការជាតិ ក្នុងការផ្តល់ការអប់រំជាសកល ដើម្បីធានាបាននូវការចូលរួម និងស្មើភាពគ្នាសម្រាប់កុមារទាំងអស់នៅកម្ពុជា។
លោកស្រី ទេវ្យានី ខូប្រាហ្កាដេ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាមានកម្មវិធីផ្សេងៗគ្នាជាមួយប្រទេសកម្ពុជា រួមទាំងកម្មវិធីជំនួយដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។ កម្មវិធីមួយគឺកម្មវិធីផលប៉ះពាល់រហ័ស (QIP) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា។ ការសង្កត់ធ្ងន់នៃគម្រោង QIP គឺផ្តោតលើគម្រោងដែលផ្តល់ផលយ៉ាងឆាប់រហ័ស ដែលសុពលភាពរហូតដល់មួយឆ្នាំ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានដោយផ្ទាល់នូវលទ្ធផលដែលអាចមើលឃើញភ្លាមៗ។
ប្រភេទគម្រោងក្រោម QIP រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ មណ្ឌលសហគមន៍មូលដ្ឋាន ការគ្រប់គ្រងធនធានទឹកជាដើម និងហេដ្ឋារចនាសម្ព័ន្ធសង្គម (រួមទាំងការកសាងសមត្ថភាព) ដូចជាការអប់រំសុខភាពអនាម័យសុខមាលភាពកុមារជនបទ ការអភិវឌ្ឍសមភាពយេនឌ័រ ឬវិស័យអភិវឌ្ឍន៍សហគមន៍ ដែលបំពេញគោលដៅប្រកបដោយនិរន្តរភាព (SDGs) ។
ស្ថិតក្រោមគម្រោង QIP រដ្ឋាភិបាលឥណ្ឌាអនុវត្តគម្រោងចំនួន ១០ ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជាដោយ ផ្តល់ថវិការហូតដល់ ៥០,០០០ ដុល្លារអាមេរិកក្នុងមួយគម្រោង។ ចាប់តាំងពីឆ្នាំ ២០១៥-២០១៦ រដ្ឋាភិបាលឥណ្ឌាបានអនុវត្តគម្រោងចំនួន ៣៤ លើវិស័យកសិកម្មសុខាភិបាលអនាម័យការផ្តល់អំណាច ដល់ស្ត្រីការពង្រឹងសមត្ថភាពបរិស្ថានជាដើម។ ក្នុងចំណោមគម្រោងទាំង ៣៤ មាន ១៩ គម្រោង ត្រូវបានបញ្ចប់ហើយគម្រោងនៅសល់ ១៥ ទៀតនៅដំណាក់កាលផ្សេងៗនៃការអនុវត្ត។ គម្រោងទាំងនេះទទួលបានការឆ្លើយតបយ៉ាងច្រើនលើសលប់ ហើយបានផ្តល់ផលជាក់ស្តែងដល់អ្នកទទួលផល៕