(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថានអគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន» ភាគ៣ ជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមវត្តមានលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក លីវ ជឺជា ឯកអគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប រួមជាមួមមន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ មន្ទីរជុំវិញខេត្ត សាស្ត្រាចារ្យ និងនិស្សិត សរុបជាង៣០០នាក់។
លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សៀវភៅ «ឯកឧត្តម ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ភាគ១ ជាភាសាខ្មែរ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីខ្លឹមសារនៃសៀវភៅនេះមិនត្រឹមផ្តល់ប្រយោជន៍ដ៏អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាបទពិសោធន៍ជាក់ស្តែង អ្នកអនុវត្តការងារដឹកនាំប្រទេសផងដែរ។
សៀវភៅនេះ ត្រូវបានអ្នកសិក្សាវាយតម្លៃថា គឺជាទស្សនៈដឹកនាំរបស់លោក ស៊ី ជីនភីង ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍប្រទេសចិន ប្រកបដោយវិបុលភាពសមរម្យ និងផ្តល់នូវសុភមង្គលដល់ប្រជាជនចិន ផ្អែកលើគោលនយោបាយសង្គមនិយមតាមបែបផែនចិន ដែលនេះគឺជាបំណងប្រាថ្នារបស់មនុស្សជាតិលើការពង្រឹង និងពង្រីកជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងកម្ពុជា រួមជាមួយនឹងពិភពលោកកំពុងស្ថិតិនៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយប្រទេសទាំងពីរតែងបានរួមសុខរួមទុក្ខជាមួយគ្នា។
សៀវភៅអភិបាលកិច្ចប្រទេសចិន ដែលចេញផ្សាយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងសៀវភៅភាគ៣នេះ បានបង្ហាញជាសាធារណៈក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នៃការអភិវឌ្ឍនានារបស់ចិនដល់ពិភពលោក ឱ្យយល់ដឹងកាន់តែស៊ីជម្រៅពីការអភិវឌ្ឍន៍របស់ប្រទេសចិន។ សៀវភៅនេះក៏នឹងផ្តល់ផលប្រយោជន៍ និងជាប្រទីបបំភ្លឺផ្លូវ ដើម្បីចូលរួមក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីភាពរុងរឿងរួមគ្នា ក្នុងនាមជាសហគមន៍ជោគវាសនារួមគ្នា។
លោកឯកអគ្គកុងស៊ុល លីវ ជឺជា បានគាំទ្រដល់សាកលវិទ្យាល័យជាតិមានជ័យ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះក្នុងស្មារតីកិច្ចបង្កើនការផ្តល់ និងការចែករំលែកពុទ្ធិមហាសាលពីប្រទេសចិនដល់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងសិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យបានក្រេបជញ្ជក់ និងឈ្វេងយល់ដោយផ្ទាល់បន្ថែមពីវឌ្ឍនភាពរបស់ប្រទេសចិនក្នុងរយៈពេល ៧២ ឆ្នាំកន្លងមក ដែលជាពិសេសការកាត់បន្ថយភាពក្រីក្រ។
លោកស្រី រស់ សុផានី បានគូសបញ្ជាក់ថា នៃឆ្នាំ២០២០នេះ គឺជាឆ្នាំមួយដែលពិភពលោកទាំងមូលប្រឈមមុខជាមួយនឹងជំងឺកូវីដ១៩ តែទន្ទឹមនឹងនេះដែរ វាក៏ជាឆ្នាំដ៏ប្រពៃនៃចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ក្នុងសករាជនៃទំនាក់ទំនងរវាងកម្ពុជា និងចិន លើការបន្ស៊ីយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះគឺការពួតដៃគ្នាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហើយស្មារតីផ្លូវសូត្របានក្លាយទៅជាបេតិកភណ្ឌដ៏អស្ចារ្យនៃអរិយធម៌របស់មនុស្សជាតិ និងជាតំណាងឲ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។
ចាប់តាំងពីឆ្នាំ២០១៣មក កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសកម្មក្នុងការចូលរួមជាមួយប្រទេសចិនលើការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍រួមគ្នា ជោគវាសនាតែមួយ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនបន្ថែមទៀតដល់ប្រជាជាតិនៃប្រទេសយើងទាំងពីរ។
បន្ថែមពីលើនេះ លោកស្រីក៏បានលើកទឹកចិត្តជូនដល់អង្គពិធីយកសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ភាគ៣ នេះទៅឤន ហើយខិតខំចម្រាញ់យកនូវទស្សនៈល្អៗជាធាតុផ្សំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ស្របទៅនឹងស្ថានភាព និងបរិការណ៍អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចគាំទ្រពីព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ភាគ៣ ជាភាសាអង់គ្លេសនៅបណ្ណាល័យព្រឹទ្ធសភា ហើយសៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ភាគ១ និងភាគ២ ក៏ត្រូវបានបកប្រែមកជាខេមរភាសា ដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនផងដែរ៕