(ភ្នំពេញ)៖ លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្នុងរយៈពេលមិនមួយសប្តាហ៍មកនេះ ជនមានពិការភាពជិត៥០០០នាក់ ត្រូវបានកំណត់អត្តសញ្ញាណចុះក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីទទួលបានប័ណ្ណសំគាល់ពិការភាព ដោយចាប់ផ្តើមជុំទី១ នៅខេត្តចំនួន ៨ខេត្ត រួមមាន៖ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងជុំទី២ មានចំនួន១៧ខេត្តរួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះវិហា ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកោះកុង។
លោក សួង ម៉េងឡុង បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានសម្រាប់ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលមានសមាសភាពអញ្ជើញចូលរួមចំនួន៥០នាក់មកពីតំណាងមន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសាលាខេត្ត តំណាងសាលាក្រុង ស្រុក ខណ្ឌនៃខេត្តតាកែវនិងខេត្តកំពង់ស្ពឺ និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធនានា ដែលថ្ងៃនេះមានវគ្គបណ្តុះបណ្តាលពីរបានរៀបចំដំណាលគ្នា ហើយខេត្តចំនួនបួនកំពុងទទួលបានការបណ្តុះបណ្តាលគឺខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
លោកបានបញ្ជាក់បន្ថែមទៀតថា តាមរយៈនីតិវិធីនៃការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលអនុវត្តតាមប្រព័ន្ធឌីជីថលយើងអាចជួយ ជនមានពិការភាពអោយទទួលបានប័ណ្ណសំគាល់ពិការភាព សម្រាប់ប្រើប្រាស់តាមតម្រូវការនៃសេវានានាជាសាធារណៈ ឬឯកជនដែលបានបង្ហាញយ៉ាងច្បាស់នូវសារប្រយោជន៍នៃកម្មវិធីអត្តសញ្ញាណពិការភាព ដែលក្នុងនោះមានដូចជា ការជួយសម្រួលដល់ការទទួលបានការគាំទ្រ ផ្នែកសេវាគាំពារសង្គមនិងជំនួយសង្គម អាទិភាព ការងារក្នុងស្ថាប័នរដ្ឋនិងឯកជន ការធ្វើដំណើដោយប្រើមធ្យោបាយសាធារណៈ សម្រួលក្នុងការចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននៅគ្រប់កម្រិតសិក្សា ការចូលទស្សនាទីកន្លែងកម្បាន្ត ការសម្រួលក្នុងការទទួលបានសេវាសុខភាពនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទា ការលើកទឹកចិត្តផ្នែកពន្ធដារ ស្របតាមច្បាប់ជាធរមានការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរនិងការងារប្រកបដោយបរិយាបន្ន សកម្មភាពសិល្បៈ និងកីឡាជនមានពិការភាព។
លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការអនុវត្តន៍កម្មវិធីនេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យជនមានពិការភាពនៅទូទាំងប្រទេស ការផ្តល់សេវាដល់ជនមានពិកការភាពកាន់តែប្រសើរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជនមានពិការភាពក្រីក្រកាន់តែងាយស្រួល និងមានប្រសិទ្ធិភាព ដែលជាការលើកស្ទួយជីវភាពរស់នៅ ធានាបានការរស់នៅដោយឯករាជ្យ សម្រាប់ជនមានពិការភាព។
លោកក៏បានផ្តាំផ្ញើរសូមអោយសិក្ខាកាមប្រឹងប្រែងខិតខំទទួលយកចំណេះដឹង ដែលគ្រូឧទ្ទេសថ្នាក់ជាតិបានបំពាក់បំប៉នចំណេះដឹង និងនីតិវិធីអនុវត្តផ្ទាល់ជូននាពេលនេះ៕