(កំពត)៖ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបរៀងសៀវភៅមគ្គុទេសវិនិយោគ ខេត្តកំពត-កែប ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា រាល់ការវិនិយោគរបស់វិស័យឯកជន ក៏ដូចកិច្ចការងាររបស់សភាពាណិជ្ជកម្ម មិនអាចធ្វើតែម្នាក់ឯង ទទួលបានលទ្ធផលសម្រេចនោះទេ។ ដូច្នេះទាំងវិនិយោគិនក្តី និងប្រធានសភាពាណិជ្ជកម្ម នៅតាមបណ្តាខេត្តទាំងអស់ ត្រូវសុំការចូលរួមសហការពីអាជ្ញាធរខេត្តជាចាំបាច់។
លោកអគ្គនាយកបានបន្តទៀតថា អំពីលក្ខណៈទូទៅរបស់ខេត្តកំពត ឃើញថា ខេត្តជាប់មាត់សមុទ្រមួយនេះ ពិតជាមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យ ហើយឱកាសវិនិយោគនៅក្នុងខេត្តកំពត ក៏មានច្រើនលើសគេផងដែរ។ ប៉ុន្តែដើម្បីកៀរគរ អ្នកវិនិយោគឲ្យមកបោះទន់ឲ្យបានច្រើននោះ សភាពាណិជ្ជកម្ម ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ ព្រោះទាំងវិស័យឯកជន រួមទាំងប្រធានសភាពាណិជ្ជកម្ម នៅតាមបណ្តាខេត្តផង មិនអាចធ្វើការងារអ្វីមួយ បានសម្រេច ដោយគ្មានការចូលរួមសហការពីអាជ្ញាធរនោះទេ។
យ៉ាងណាមិញ ការរៀបរៀងសៀវភៅមគ្គុទេសវិនិយោគខេត្តកំពត-កែប ក៏ដូចគ្នាដែរ ទាមទាការចូលរួមសហការ ពីអភិបាលខេត្ត រដ្ឋបាលខេត្តទាំងមូល ដើម្បីធ្វើឲ្យសៀវភៅមានព័ត៌មានគ្រប់ជ្រុងជ្រោយ ងាយស្រួលដល់អ្នកវិនិយោគយកទៅវិភាគ ពិចារណាមុននឹងបោះទន់វិនិយោគនៅកម្ពុជា ប្រកបដោយជោគជ័យ។
អភិបាលខេត្ត លោក ជាវ តាយ បានបញ្ជាក់ថា កំពតមានសក្ដានុពលខ្លាំងស្ទើរ គ្រប់វិស័យពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ទោះស្ថិតនៅក្នុងអន្តរកាល នៃវិបត្តិកូវីដ-១៩ក៏ដោយ ក៏ប្រាក់ចំណូលរបស់ខេត្ត ប្រមូលបាន១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី សំណង់អគារ និងការអភិវឌ្ឍផ្សេងៗ នៅតែបន្តកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ៕