(ភ្នំពេញ)៖ ក្រោយពីផ្អាការត្រួតពិនិត្យរយៈពេល ២ថ្ងៃ ដើម្បីបូកសរុបលទ្ធផលការងារ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ប៉ូលិស ដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន ៧គោលដៅទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។
បើតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ឯក រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់បានប្រាប់ អង្គភាព Fresh News ថា ការផ្អាកប្រតិបត្តិការរយៈពេលពីរថ្ងៃនេះ គឺដើម្បីប្រជុំរៀបចំរបាយការណ៍បូកសរុបការងារ ។
Fresh News ទទួលបាននៅព្រលប់នេះ បានបង្ហាញថាប៉ុស្តិ៍ត្រួតពិនិត្យ ៧ទីតាំង ស្ថិតក្នុងរាជធានីភ្នំពេញ មាន ភូមិសាស្រ្តដូចជា៖ ស្ថិតក្នុងខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ។ ចំណែក២ទីតាំងទៀត នៅជាយក្រុង គឺនៅតាមបណ្តាយផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។
យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕