(ក្រចេះ)៖ លោក គង់ ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកចិត្របុរី ខេត្តក្រចេះ និងលោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋប្រមាណ១៥០នាក់ នៅក្នុងភូមិល្អ ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក គង់ ចាន់ បានជំរុញសមាជិក្រុមការងារ មេឃុំ មេភូមិ គ្រប់ភូមិត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ ពេលវេលា ជាពិសេសត្រូវផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស តម្លាភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស បណ្ដាមន្ទីរអង្គភាព ដែលពាក់ព័ន្ធទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ត្រូវចុះទៅពិនិត្យតាមដាន សិក្សាដល់ទីតាំងភ្លាមៗ ក្រោយពេលដែលអង្គវេទិកាបញ្ចប់ និងដោះស្រាយជូនគាត់ ព្រមទាំងបានផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុត្ថិភាពជូនប្រជាពលរដ្ឋបានជ្រាបផងដែរ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើការសម្រេចដោះស្រាយរាល់សំណើរ សំណូមពរ និងបញ្ហាប្រឈមមួយចំនួននៅនឹងកន្លែង ព្រមទាំងបានលើកឡើងថា សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនសម្រេចបាន គឺជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមជាប្រជាពលរដ្ឋ ដែលបានទទួលនូវសមិទ្ធផលទាំងអស់នេះ ត្រូវចូលរួមគ្នា ថែរក្សាការពារ នូវរាល់សមិទ្ធផលទាំងអស់នេះឲ្យបានគង់វង្សសម្រាប់កូនចៅគ្រប់ជំនាន់។

លោកអភិបាលខេត្ត ក៏បានដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើអនាម័យភូមិឋានឲ្យបានស្អាតល្អ និងត្រូវប្រកាន់នូវគោលការណ៍៣យ៉ាង គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវធ្វើអនាម័យសម្អាតបរិស្ថានជុំវិញផ្ទះ ឲ្យបានស្អាតល្អ ទើបអាចជៀសពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺដង្កាត់ផ្សេងៗបាន ជាពិសេសសូមមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន៕