(កណ្ដាល)៖ យុវជនម្នាក់ត្រូវស្ទាវមួយក្រុម មានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយកាំបិត និងដាវសាមូរ៉ៃគ្រប់ដៃ ព័ទ្ធកាប់រងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ ពេលជនរងគ្រោះកំពុងជួបជុំមិត្តភ័ក្រផឹកស៊ីនៅក្នុងកញ្ចុះមួយ នៅរម្មណីយដ្ឋានជង្លង់ម្លូ ស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដែលបណ្ដាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ភុំ សាមុត អាយុ២០ឆ្នាំ រស់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល រងរបួសធ្ងន់ ខណៈក្រុមជនបង្កមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោលក្រោយបង្កហេតុ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងនៅរម្មណីយដ្ឋានជន្លុងម្លូ ជាមួយមិត្តភ័ក្រស្រីៗ ចំនួន០៤នាក់ទៀត រួមមាន ឈ្មោះ ចិត្ត នីតី, ឈ្មោះ ផល ស្រីល័ក្ខ, ឈ្មោះ ធា សុជាតា អាយុ១៧ឆ្នាំ និងឈ្មោះ សរ ស្រីល័ក្ខ។

ក្រោយមកឈ្មោះ ផល ស្រីល័ក្ខ, ឈ្មោះ ធា សុជាតា និងឈ្មោះ សរ ស្រីល័ក្ខ បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នា ចំណែកឈ្មោះ ភុំ សាមុត និងឈ្មោះ ចិត្ត នីតី អង្គុយនៅកញ្ចុះ០២នាក់។ លុះក្រោយមកស្រាប់តែមានមនុស្សមួយក្រុម ប្រហែល១០នាក់ ជិះម៉ូតូមានកាន់កាំបិត ដាវមកកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់អស់ទៅ។

បន្ទាប់មកសាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យ អាត នៅភូមិអន្ទុងក្រវៀន ឃុំម្កាក់ ហើយបន្តយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញរបស់ស្រុក និងខេត្ដ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕