(ភ្នំពេញ)៖ ប្រទេសអូស្ដ្រាលី បានបង្ហាញគោលជំហរគាំទ្រចំពោះប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅពាក់កណ្តាលឆ្នាំ២០២១ និងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលីលើកទី២ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។

ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ដ្រាលី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ក៏ដូចជាកង្វល់រួមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

ភាគីអូស្ត្រាលីបានបង្ហាញបំណងប្រាថ្នារួមជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្ដរជាតិ រួមទាំងអាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុប អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដើម្បីចូលរួមចំណែករក្សាសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លើសពីនេះទៀត «ភាគីអូស្ដ្រាលីបានបញ្ជាក់ឡើងវិញអំពីការគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

គួរបញ្ជាក់ថា ដើមឡើយ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើលើកពេលនៃការរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១ វិញ។ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៉ី-អឺរ៉ុបទាំងអស់ បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទៈ ចំពោះសំណើរបស់កម្ពុជាដែលសុំលើកពេលកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ។

កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង ៣០ ប្រទេស និងអាស៊ីចំនួន ២១ ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាមួយគោលបំណងនៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា៕