(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ២៨លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា សម្រាប់ការអនុវត្តការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ និងជំនួយហិរញ្ញវត្ថុផ្សេងទៀត ដើម្បីជួយដល់កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់ លើវិស័យសេដ្ឋកិច្ចសង្គម ដោយវិបត្តិកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សេចក្តីប្រកាសក្រសួងការបរទេសកម្ពុជា ជុំវិញលទ្ធផលស្តីពីកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែល Fresh News ទទួលបាន នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា កិច្ចពិគ្រោះយោបល់នេះមាន លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងលោក ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ដ្រាលី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ក៏ដូចជាកង្វល់រួម របស់ពិភព លោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
ភាគីអូស្ដ្រាលីបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ចំពោះវិធានការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជាប្រកបដោយជោគជ័យ។ អូស្ដ្រាលីក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះកាយវិការមនុស្សធម៌ក្នុងការទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅកម្ពុជា ក៏ដូចជាការជួយសម្រួលផ្នែកកុងស៊ុលដល់ពលរដ្ឋអូស្ដ្រាលី ដែលបានជាប់គាំងនៅកម្ពុជាដោយសារវិបត្តិកូវីដ-១៩ ឱ្យបានវិលត្រឡប់ ទៅប្រទេសអូស្ដ្រាលីវិញដោយសុវត្ថិភាព។
ជាការឆ្លើយតបភាគីកម្ពុជាបានសម្ដែងការកោតសរសើរចំពោះរដ្ឋាភិបាលអូស្ដ្រាលី ក្រោមការដឹកនាំរបស់លោក ស្កុត ម៉ូរីសសុន (Scott Morrison) នាយករដ្ឋមន្ត្រី អូស្ដ្រាលី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ និងមានប្រសិទ្ធភាព។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះ «កម្ពុជា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ២៨លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តការចាក់វ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅក្នុងប្រទេសកម្ពុជា និងជំនួយហិរញ្ញវត្ថុផ្សេងទៀត ដើម្បីជួយដល់កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់ លើវិស័យសេដ្ឋកិច្ចសង្គម ដោយវិបត្តិកូវីដ-១៩»។
សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ដោយមិនគិតថ្លៃ ដែលក្នុងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។
សម្តេចបន្ថែមថា កម្ពុជានឹងទទួលពីអូស្រ្តាលីចំនួន៣លានដូស ដែលអូស្រ្តាលីសម្រេចផ្តល់ផ្តល់ថវិកាចំនួន២៨លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់រយៈពេល ២០២០-២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបានវ៉ាក់សាំងកូវីដ១៩តំបន់ ដែលកញ្ចប់ដំបូងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំ២០២១»។ សម្តេចបញ្ជាក់ទៀតថា ជំនួយឥតសំណងនេះ នឹងជួយឱ្យកម្ពុជាទទួលបានវ៉ាក់សាំងដែលប៉ាន់ស្មានសម្រាប់មនុស្ស១.៥លាននាក់ ដែលស្មើនឹង៣លានដូស៕