(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាត លោក Hoang Poinh Quan ប្រធានគណៈទាក់ទងបរទេសបក្សកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួសម និងពិភាក្សាការងារ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាវិមានសន្ដិភាព ។

លោក Hoang Poinh Quan បានជម្រាបជូន សម្ដេចតេជោ អំពីព័ត៌មានមហាសន្និបាតបក្សលើក ក្នុងនោះ​លោកក៏បានថ្លែង​អំណរគុណ ចំពោះសម្តេចតេជោ ដែលបានផ្ញើសារជូនពរ ចំពោះលទ្ធផលជោគជ័យនៃមហាសន្និបាតបក្សទី១២ របស់វៀតណាម ហើយលោកគិតថា នេះជាការជំរុញឲ្យមានទំនាក់ទំនង ព្រមទាំងការរីកចម្រើននៃ​ប្រទេសដែលនៅជិតខាងគ្នា និងកិច្ចសហប្រតិបត្តិការល្អ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោក Hoang Poinh Quan ដែលបានជម្រាបអំពីលទ្ធផល នៃមហាសន្និបាតបក្សលើកទី១២នេះ ដែលទទួលបានលទ្ធផលល្អ គួរជាទីពេញចិត្ត របស់ប្រជាជនវៀតណាមទាំងមូល៕