(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានតម្រូវការទឹករហូតដល់ ៧៥៦,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ តែសមត្ថភាពនៃការផ្គត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានត្រឹម ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កង្វះសមត្ថភាពនៃការផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ ធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រមាណ ៤ម៉ឺនគ្រួសារ ស្មើនឹង ១២ភាគរយ ជួបបញ្ហាខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំ២០២០ និងឆ្នាំ២០២១។
នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រឹព្រឹត្តកម្មទឹកស្អាតចម្ការមននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នយោបាយទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ជានយោបាយមួយ ដែលសម្តេចបានដាក់ចេញពេលចេញទៅដំណើរទៅចរចាស្វែងរកសន្តិភាពនៅប្រទេសបារាំងឆ្នាំ១៩៨៧មកម្ល៉េះ។
ក្នុងន័យនេះសម្តេចតេជោ ចង់បង្ហាញប្រជាពលរដ្ឋកម្ពុជាគោលនយោបាយទឹក គឺជាគោលនយោបាយអាទិភាព ដែលសម្តេចបានគិតគូរតាំងពីប្រទេសទើបរំដោះចេញពីរបបប្រល័យពូជសាសន៍មកម្ល៉េះ។ ពីលើវេទិកាសម្ពោធសមិទ្ធផល និងបង្កើតសមិទ្ធផលសម្រាប់ទឹកស្អាតនៅភ្នំពេញនេះ សម្តេចតេជោ ក៏បានរំលឹកពីស្ថានភាពទឹកនៅភ្នំពេញ ក្រោយថ្ងៃរំដោះថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ផងដែរ។
សម្តេចតេជោ បានរំលឹកថា ភ្នំពេញនាពេលនោះមិនមានទឹកប្រើប្រាស់ដូចពេលបច្ចុប្បន្នឡើយ។ សូម្បីតែសម្តេច ក៏ដូចជាមេដឹកនាំដទៃទៀត ក៏ត្រូវដឹកទឹកពីទន្លេមកប្រើប្រាស់ផងដែរ។ ផ្ទះសម្តេចនៅវិមានឯករាជ្យ រហូតដល់ឆ្នាំ១៩៩៤ ទើបមានទឹកស្អាតប្រើប្រាស់។
ពាក់ព័ន្ធប្រវត្តិទឹកស្អាតក្នុងរាជធានីភ្នំពេញនេះដែរ សម្តេចតេជោ បានរំលឹកថា ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខូចកូនក្នុងផ្ទៃម្នាក់ ព្រោះតែចុះយកទឹកឡើងទៅលើផ្ទះ ពេលសម្តេចចេញទៅធ្វើការក្នុងតួនាទីជារដ្ឋមន្ត្រីការបរទេសនាពេលនោះ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «មិនមែនដូចភ្នំពេញរាល់ថ្ងៃក្មួយៗ ចៅៗ កើតឡើងក្រោយគ្រាប់ផ្លោង អត់ដឹងថាយ៉ាងម៉េចផងទេ។ ភ្នំពេញកម្សត់ណាស់ក្នុងកាលៈទេសៈនោះ ឱ្យផ្ទះនៅមួយម្នាក់មិនមាននរណាហ៊ានយកទេ»។
បើទោះបីជាយ៉ាងណាសម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ឃើញបណ្តាញទឹកស្អាតនៅក្នុងរាជធានីភ្នំពេញបន្តពង្រីកវិសាលភាពកាន់តែទូលាយ ដើម្បីបំពេញសេចក្តីត្រូវការងាររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងមានកំណើនយ៉ាងគំហុក។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើឱ្យក្រុម Vinci របស់បារាំង ពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងឱ្យបានលឿនមុនការគ្រោងទុកនៅឆ្នាំ២០២២។
ក្នុងពិធីនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសរំលេចថា ដើម្បីធានាឱ្យមានទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងទឹកស្អាត និងអនាម័យប្រកបដោយចេរភាព សម្រាប់ប្រជាជនគ្រប់ ១០០ភាគរយ ចាប់ពីឆ្នាំ២០២៥តទៅ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត ក្រសួងបានណែនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍ផែនការមេ២០១៦-២០៣០ ដោយផ្តើមចេញពីការអនុវត្តន៍ផែនការពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតឆ្នាំ២០១៨-២០២៥ ឱ្យបានលើសពី ១លានម៉ែត្រគូបក្នុងមួយថ្ងៃ គិតត្រឹមឆ្នាំ២០២៥។ ពោលពង្រីកសមត្ថភាពទឹកស្អាតបន្ថែម ៤៦៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត។ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្នប្រហែល ៦០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ឈរលើស្មារតីនេះ រដ្ឋាករទឹកស្វយ័ត បានពង្រីកការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលមានសមត្ថភាពផលិតទឹកបាន ៥២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងការរៀបចំបណ្តាញចែកចាយទឹកស្អាតផងដែរ។ រោងចក្រនេះ សាងសង់ដោយក្រុមហ៊ុន Vinci របស់បារាំង រយៈពេល ២៤ខែ បញ្ចប់នៅខែតុលា ឆ្នាំ២០១៩។ រោងចក្រមួយនេះ ចំណាយថវិកាវិនិយោគសរុប ៤៧.១លានដុល្លារអាមេរិក។
ក្នុងនោះថវិកាសម្រាប់សាងសង់រោងចក្រផលិតទឹកស្អាតមាន ២៥.២លានដុល្លារ និងសម្រាប់ការរៀបចំបណ្តាញចែកចាយមានចំនួន ២១.៩លានដុល្លារអាមេរិក។ រោងចក្រទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកជូនពលរដ្ឋបន្ថែមប្រមាណ ២៨ម៉ឺននាក់។
បន្ថែមពីលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានចាប់ផ្តើមសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង អនុវត្តន៍ជាពីរជំហាន។ ជំហានទី១ សាងសង់រោងចក្រ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងការរៀបចំបណ្តាញចែកចាយទឹកស្អាត។ ការសាងសង់រោងចក្រជំហានទី១នេះ ចំណាយ ៣៦ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។ ថវិកាវិនិយោគសរុប ២៤៧លានដុល្លារ។ ក្នុងនោះថវិកាសម្រាប់សាងសង់រោងចក្រ ១៥៥.៥លានដុល្លារអាមេរិក និងការរៀបចំបណ្តាញចែកចាយ ៦៦.៦លានដុល្លារអាមេរិក។
សម្រាប់ជំហានទី២ មានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូប ស្មើជំហានទី១ ហើយគ្រោងចាប់ផ្តើមនៅត្រីមាសទី៣ ឆ្នាំ២០២១។ អនុវត្តន៍គម្រោង ៣០ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣។ ដោយចំណាយថវិកាប្រមាណ ១៣៤.៤លានដុល្លារ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអះអាងថា ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងសម្រេចការសាងសង់ទាំងពីរជំហាន មានសមត្ថភាពផលិតទឹករហូតដល់ ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៣។ ក្រោយបញ្ចប់គម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋបន្ថែម ១លាន ៤ម៉ឺននាក់ និងមានសមត្ថភាពផលិតទឹកស្អាតសរុប ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា ឆ្លើយតបការពង្រីកសមត្ថភាពផលិតទឹកស្អាត២០១៨-២០២៥ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលថវិកាពីជប៉ុនប្រមាណ ៣០លាន សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្រុងតាខ្មៅ អាចផលិតទឹកបាន ៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងថវិកាពីប្រទេសឆែក ១លាន ៣សែនអឺរ៉ុប សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅសង្កាត់បឹងធំ ខណ្ឌកំបូល មានសមត្ថភាពផលិតទឹកបាន ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
បន្ថែមពីលើនេះរាជរដ្ឋាភិបាល ក៏បានត្រៀមដី ២ហិកតា នៅតំបន់អភិវឌ្ឍន៍កោះនរា សម្រាប់ប្រើប្រាស់ក្នុងគោលដៅបង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅលើកោះ និងការពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដទៃទៀត។ មិនតែប៉ុណ្ណោះនៅខែមិថុនា ឆ្នាំ២០១៧ សម្តេចតេជោ បានផ្តល់គោលការណ៍ឱ្យមានដីបម្រុងទុក ២៥ហិកតាទៀត នៅតំបន់បឹងតាមោកសម្រាប់បម្រើឱ្យវិស័យផ្គត់ផ្គង់ទឹកស្អាតផងដែរ។
លោក ចម ប្រសិទ្ធ បានឱ្យដឹងថា យោងតាមការព្យាករណ៍នៅឆ្នាំ២០៣០ កំណើនប្រជាពលរដ្ឋប្រើប្រាស់ទឹកនៅរាជធានីភ្នំពេញ អាចឡើងដល់ ៤លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តយកចិត្តទុកដាក់ទាក់ក្នុងផលិត និងតបណ្តាញទឹកស្អាតនៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នយោបាយអាទិភាព ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ដែលសម្តេចបានដាក់ចេញនេះ ៥០ឆ្នាំទៅមុខទៀត ក៏នៅតែមានប្រសិទ្ធភាពលើការអភិវឌ្ឍសង្គម។
ក្នុងពិធីនាព្រឹកមិញនេះសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីតម្លៃប្រើប្រាស់ទឹកនៅក្នុងរាជធានីភ្នំពេញផងដែរ។ ក្នុងនោះសម្រាប់តម្លៃអនុគ្រោះដល់អ្នកក្រីក្ររួមមាន៖ ប្រើមិនលើស៧ម៉ែត្រគូបក្នុងមួយខែ តម្លៃ ៤០០រៀលក្នុងមួយម៉ែត្រគូប, ប្រើទឹកចាប់ពី ៨ម៉ែត្រគូប ដល់ ១៥ម៉ែត្រគូប តម្លៃ ៧២០រៀលក្នុងមួយម៉ែត្រគូប, ប្រើទឹកចាប់ពី ១៦ម៉ែត្រគូប ដល់ ២៥ម៉ែត្រគូប តម្លៃ ៩៦០រៀលក្នុងមួយម៉ែត្រគូប, ប្រើចាប់ពី ២៦ម៉ែត្រគូប ដល់ ៥០ម៉ែត្រគូប តម្លៃ ១២៥០រៀលក្នុងមួយម៉ែត្រគូប, ប្រើចាប់ពី ៥១ម៉ែត្រគូប ដល់ ១០០ម៉ែត្រគូប តម្លៃ ១៩០០រៀលក្នុងមួយម៉ែត្រគូប និងប្រើចាប់ពី ១០១ម៉ែត្រគូប ដល់ ២២០០ម៉ែត្រគូប តម្លៃ ២២០០រៀលក្នុងមួយម៉ែត្រគូប។
សម្រាប់អតិថិជនអាជីវកម្មវិញ ការប្រើមិនលើសពី ១៥ម៉ែត្រគូប តម្លៃ ៩៥០រៀលក្នុងមួយម៉ែត្រគូប, ប្រើចាប់ពី ១៦ម៉ែត្រគូប ដល់៤៥ម៉ែត្រគូប តម្លៃ ១១០០រៀលក្នុងមួយម៉ែត្រគូប, ប្រើចាប់ពី ៤៦ម៉ែត្រគូប ដល់ ១០០ម៉ែត្រគូប តម្លៃ ១៤០០រៀលក្នុងមួយម៉ែត្រគូប, ប្រើចាប់ពី ១០១ម៉ែត្រគូប ដល់ ២០០ម៉ែត្រគូប តម្លៃ ១៧០០រៀលក្នុងមួយម៉ែត្រគូប, ប្រើចាប់ពី ២០១ម៉ែត្រគូប ដល់ ៥០០ម៉ែត្រគូប តម្លៃ ២១០០រៀលក្នុងមួយម៉ែត្រគូប និងប្រើចាប់ពី ៥០១ម៉ែត្រគូប ដល់ ២៤០០ម៉ែត្រគូប តម្លៃ ២៤០០រៀលក្នុងមួយម៉ែត្រគូប។
សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និងស្ថានទូតមិនកំណត់ចំនួនប្រើប្រាស់ទេ តែតម្លៃ ២៥០០រៀលក្នុងមួយម៉ែត្រគូប៕