(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមអ្នកជំនាញដែលដឹកនាំដោយក្រសួងបរិស្ថាន បានសម្រេចជ្រើសរើសយកតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដើម្បីដាក់ក្នុងបញ្ជីត្រៀមស្នើសុំជាបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ។
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅក្នុងចំណោមទីតាំងតំបន់ធម្មជាតិចំនួន ៤កន្លែងរួមមានទី១៖ ព្រែកកាំពី, ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ទី៣៖ តំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ ធឿនក្រសាំង ដែលកន្លងមកត្រូវបានក្រសួងបរិស្ថាន ព្រម អន្តរក្រសួង បានសិក្សាស្រាវជ្រាវដើម្បីចងក្រងឯកសារត្រៀមជាបញ្ជីត្រៀមស្នើសុំដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូហ។
បញ្ជាក់ពីលើចង្កេះភ្នំត្បែង ដែលជាទីតាំងជំនឿ និងធម្មជាតិ លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា នៅក្នុងចំណោម៤ទីតាំង ដែលក្រសួងបរិស្ថាន រួមទាំងអន្តរក្រសួង រៀបចំស្នើសុំទៅកាន់អង្គការយូរណេស្កូ ដើម្បីជាបញ្ជីត្រៀមនៃបេតិកភ័ណពិភពលោក គឺអ្នកជំនាញបានឯកភាពជ្រើសរើសយកតំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ដាក់នៅក្នុងបញ្ជីត្រៀមសម្រាប់ការស្នើសុំជាបេតិកភ័ណពិភពលោក របស់អង្គការយូណេស្កូ»។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា មានមូលហេតុចម្បងចំនួន៣ ដែលអ្នកជំនាញជ្រើសរើសភ្នំត្បែង ដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោករួមមាន៖
*ទី១៖ ជាកន្លែងទីសក្ការៈបូជាទាំងពីដើមមករហូត មកដល់ពេលនេះ ជាកន្លែងដែលស័ក្តិសិទ្ធិ ដែលមានជំនឿ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់
*ទី២៖ គឺមានសក្តានុពលធនធានធម្មជាតិ ជីវៈចម្រុះ ប្រភេទសត្វកម្រ ដូចជាសត្វកេះ សត្វប្រើស ខ្លាឃ្មុំ និងឈើព្រណិតជាច្រើន និងជាទីតាំងទេសចរណ៍ដ៏មានសក្កានុពលជាដើម
*ទី៣៖ ជាទីតាំងទេសចរណ៍ ដ៏មានសក្តានុពលយ៉ាងសំខាន់ សម្រាប់ប្រជាសហគមន៍ ចំនួន៣ដែលនៅជុំវិញភ្នំត្បែងជាដើម។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ក្រុមអ្នកបច្ចេកទេ បានចងក្រងនូវឯកសារមួយចំនួនហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ ដើម្បីរៀបចំឱ្យបាននូវឯកសារទាំងឡាយណាឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញ ដើម្បីស្នើចូលដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ»។
ពាក់ព័ន្ធនឹងការត្រៀមដាក់ទីតាំងតំបន់ធម្មជាតភ្នំត្បែង ដើម្បីស្នើសុំជាបញ្ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូរណេស្កូ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រុមអ្នកជំនាញក៏បានស្នើសុំសិក្សានូវចំណុចចុងក្រោយ គឺពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ដោយអ្នកជំនាញមានបំណងចង់សិក្សាភ្ជាប់តំបន់ភ្នំត្បែង ទៅតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌរបស់ពិភពលោក របស់មនុស្សជាតិ។ ដូច្នេះ ការផ្សារភ្ជាប់តំបន់ភ្នំត្បែង ទៅប្រាសាទព្រះវិហារ គឺជាសិក្សាបន្តទៀត របស់មន្ត្រីជំនាញដើម្បីបំពេញបន្ថែមនូវឯកសារពាក់ព័ន្ធមុននឹងដាក់ជូនអង្គការយូរណេស្កូ ដើម្បីបញ្ជាក់ថា តំបន់ភ្នំត្បែង មានឯកសារពេញលេញ សម្រាប់ការស្នើសុំចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយដែលមានសម្រស់ទេសភាព ទឹកជ្រោះដ៏ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វកម្រ ខណៈសព្វថ្ងៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង កំពុងបានក្លាយទៅជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តវិហារ ហើយមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ។
តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះមាន ៣ដំណាក់តាំង ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ ៤០០ម៉ែត្រ ដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ ១,៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែង គឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈ ទាំងនោះរួមមាន ថ្មបីដុំជាដើម។
បច្ចុប្បន្ននេះ តំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ជាពិសេសយុវជន ក្នុងការកម្សាន្នាតចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម៕