(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតតយុទ្ធជន និងយុវនីតិសម្បទា បានវាយតម្លៃថា កម្មវិធីគាំពារសង្គមរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ បានអនុវត្តយ៉ាងល្អប្រសើរសម្រាប់ឆ្នាំ ២០២០កន្លងទៅ។
រដ្ឋមន្រ្តី បានបញ្ជាក់ថា កម្មវិធីសាច់ឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានចាប់ផ្ដើមតាំងពីខែ មិថុនាឆ្នាំ ២០១៩ មកម្លេះ ដោយគិតត្រឹមថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ទើបកន្លងផុតទៅនេះ មានស្រ្តីមានផ្ទៃពោះ និងកុមារជាង ១៧ម៉ឺននាក់ បានទទួលផលពីកម្មវិធីនេះ ដោយគិតជាថវិការដែលរាជរដ្ឋាភិបាលចំណាយសរុបប្រមាណ ១០លានដុល្លារ។
សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺអនុវត្តបានចំនួន ៣ជុំរួចមកហើយ ដោយក្នុង ៣ជុំកន្លងទៅនោះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ២០០លានដុល្លារ។ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងបន្តការឧបត្ថម្ភ សាច់ប្រាក់ក្នុងជុំទី ៤ ដែលមានរយៈពេល ៣ខែ ចាប់ពីខែ មករា ដល់ខែ មីនាឆ្នាំ២០២១ខាងមុខ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វង សូត ក្រសួងសង្គមកិច្ច អតីតតយុទ្ធជន និងយុវនីតិសម្បទា។
សម្រាប់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងខែ មករា ឆ្នាំ២០២១នេះ មានគ្រួសារក្រីក្រសរុបជាង ៧១ម៉ឺនគ្រួសារ គិតជាសមាជិកចំនួនជាង ២លាន៨សែននាក់ និងគ្រោងចំណាយថវិកាជាង ៣២លានដុល្លារ។
ការអនុវត្តកម្មវិធីគាំពារសង្គមទាំងពីរក្នុងឆ្នាំ ២០២០កន្លងទៅនេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម លើកឡើងដែរថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកអនុវត្ត និងអ្នកទទួលផល សុទ្ធតែអនុវត្តបានល្អប្រសើរ។
លោក ឈួរ សុបញ្ញា បានបន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទៅពេលអនាគត រីឯកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩វិញ ពុំទាន់មានការសម្រេចណាមួយថា ត្រូវបន្ត រឺមិនបន្តក្រោយបញ្ចប់ជុំទី ៤ នៅខែ មីនា ឆ្នាំ ២០២១នោះទេ៕