(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្នើសុំជំនួយវ៉ាក់សាំងពីសហភាពអឺរ៉ុប ដើម្បីបន្ថែមលើវ៉ាក់សាំងជាជំនួយរបស់ចិន និងអង្គការសុខភាពពិភពលោកសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងបានស្នើទៅកាន់សហភាពអឺរ៉ុបតាមរយៈស្ថានទូតប្រចាំនៅកម្ពុជា សូមកុំហាមឃាត់ការនាំចេញវ៉ាក់សាំងពីទឹកដីអឺរ៉ុបឱ្យសោះ ព្រោះមានប្រទេសជាច្រើននៅរង់ចាំការប្រើប្រាស់វ៉ាក់សាំងនេះ។

ការស្នើយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិនចំនួន ១ លានដូស ដែលជើងទីមួយនឹងមកដល់កម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២១ ចំនួន ៦០ ម៉ឺនដូសសិន និងនាំមកតាមក្រោយចំនួន ៤០ ម៉ឺនដូសទៀត។ បន្ទាប់មក កម្ពុជានឹងទទួលជំនួយវ៉ាក់សាំងតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកចំនួន ៧ លានដូសទៀត។ បន្ថែមលើនោះ កម្ពុជាបានប្រកាសទិញតាមរយៈកម្មវិធីពី COVAX ដដែលនេះចំនួន ១ លានដូសទៀតផងដែរ។

ក្រៅពីនេះ កម្ពុជានឹងទទួលជំនួយថវិកាឥតសំណងពីប្រទេសអូស្ត្រាលី ដើម្បីទិញវ៉ាកសាំងឱ្យបាន ៣ លានដូស។ ដូច្នេះកម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបចំនួន ៩ លានដូស នៅខ្វះចំនួន ១១ លានដូសទៀត ដើម្បីបង្គ្រប់ឱ្យបាន ២០ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់។

ជាមួយគ្នានោះ សម្ដេចតេជោបានសរសេរលិខិតសំណូមពរទៅកាន់នាយករដ្ឋមន្ត្រីចិន ដើម្បីស្នើសុំជំនួយវ៉ាក់សាំងបន្ថែម និងបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌា ធ្វើយ៉ាងណាដើម្បីទទួលបានជំនួយវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន ១០ លាននាក់ តាមផែនការដែលបានកំណត់។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តថា កម្ពុជានឹងប្រកាសស្នើសុំជំនួយវ៉ាក់សាំងពីសហភាពអឺរ៉ុប ដើម្បីបន្ថែមលើវ៉ាក់សាំងជាជំនួយរបស់ចិន និងជំនួយរបស់អង្គការសុខភាពពិភពលោក សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ប៉ុន្តែអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានបញ្ជាក់ថា ស្នងការសហភាពអឺរ៉ុបបានចេញបម្រាមហាមឃាត់ការនាំវ៉ាក់សាំងចេញ ដែលសម្ដេចគិតថាមិនមែនជារឿងសមស្របឡើយ ខណៈពិភពលោកបានចាត់ទុកវ៉ាក់សាំងជាទំនិញរួម ដូច្នេះប្រសិនបើសហភាពអឺរ៉ុបត្រូវការតែឯង នឹងនាំក្ដីព្រួយបារម្ភដល់ប្រទេសដទៃ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួយបញ្ជូនសាររបស់កម្ពុជាក្នុងនាមប្រទេសក្រីក្រទៅជូនសហភាពអឺរ៉ុប កុំឱ្យហាមឃាត់ការនាំវ៉ាក់សាំងចេញ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រភពវ៉ាក់សាំងដែលកម្ពុជាត្រូវប្រើប្រាស់មានប្រភពមកពីប្រទេសចិន ចក្រភពអង់គ្លេស និងអង្គការសុខភាពពិភពលោក៕