(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចមិនដែលភ័យខ្លាចជាមួយសមរភូមិសង្គ្រាមដោយគ្រាប់កាំភ្លើង និងការជួបចរចាណាមួយនោះទេ ប៉ុន្តែសម្តេចបែរជាមានភាពកត់ស្លុត និងភ័យញ័រដៃជើងជាមួយនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទៅវិញ។
ការបញ្ជាក់បែបនេះ នេះរបស់សម្តេចតេជោ ធ្វើឡើក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត-បាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិបាកណាស់ខ្ញុំធ្លាប់ជាទាហាន ដែលសមរភូមិជាមួយគ្រាប់ ប្រសេសប្រសាច ខ្ញុំមិនដែលញ័រដៃ ញ័រជើងនោះទេ ខ្ញុំចូលចរចាជាមួយអស់ហើយ...! មានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលច្រើនណាស់ដែលខ្ញុំចូលចរចា ខ្ញុំមិនដែលតក់ស្លូតជាមួយនឹងអ្វីដែលកើតឡើងនោះទេ ប៉ុន្តែ ធ្វើជាមេបញ្ជាការប្រយុទ្ធជាមួយជំងឺកូវីដ គឺជារឿងដ៏លំបាក នៅពេលដែលទទួលបានរបាយការណ៍ពីចំនួនដែលឆ្លងជំងឺកូវីដ-១៩ ពេលខ្លះឡើងញ័រដៃ»។
ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ននេះមិនមែនស្ថិតនៅត្រង់ថា ប្រទេសណាមាន ឬប្រទេសណាក្រនោះទេ ឬប្រទេសណាមានវិទ្យាសាស្ត្រជឿនលឿននោះទេ សម្រាប់ការទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែ គឺស្ថិតនៅក្នុងអភិបាលកិច្ចនេះតែម្តង។
ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះលទ្ធផល និងបទពិសោធន៍ដ៏ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩នេះ មិនមែនបញ្ជាក់ថា ប្រទេសកម្ពុជាមានពេទ្យល្អ និងពូកែនោះទេ ប៉ុន្តែសម្រាប់ពេលនេះត្រូវតែគ្រប់ឱ្យបានម៉ត់ចត់ និងមិនធ្វេសប្រហែស។
សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់បទពិសោធន៍ជោគជ័យរបស់កម្ពុជាកន្លែងមកនេះ ចំពោះជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងអស់។
នាយកករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្រាប់កម្មករខ្មែរ ដែលបម្រើការងារនៅក្នុងប្រទេសថៃ បច្ចុប្បន្ននេះមានចំនួន១៣៦នាក់ បានឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសថៃ ហើយមានពលករប្រមាណ៧០ ឬ៨០នាក់ បានឆ្លងចូលក្នុងប្រទេសកម្ពុជា ដូច្នេះប្រសិនបើយើងមិនបានគ្រប់គ្រង ឱ្យជាប់នៅតាមព្រំដែននោះទេ ច្បាស់ជាករណីឆ្លងជំងឺកូវីដ-១៩នេះ នឹងរីករាលដាលចូលក្នុងសហគមន៍ជាមិនខាន ស្របពេលប្រទេសថៃកំពុងតែផ្ទុះករណីជំងឺនេះក្នុងសហគមន៍ ដូច្នេះក្នុងនាមជាអ្នកកាច់ចង្កូតនាវាកម្ពុជា ត្រូវតែខិតខំធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះ ឆ្លងចូលក្នុងសហគមន៍សារជាថ្មី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវតែធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដោយខានមិនបាន និដោយមិនមានការលើកលែងនោះទេ។ សម្តេចតេជោថា សម្រាប់ពេលវេលានេះ គឺមិនមែនជាពេលវេលាសម្រាប់ស្តីបន្ទោសឱ្យគ្នានោះទេ ហើយមក៏មិនមែនជាពេលវេលាប្រដៅគ្នា ឬទាស់ទែងគ្នានោះទេ ប៉ុន្តែ ជាពេលវេលានៃការរួមគ្នា នៃបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអង្វរកដល់ប្រជាពលរដ្ឋរបស់យើងដែលត្រូវធ្វើចត្តាឡីស័ក គឺមិនអាចកាត់បន្ថយបានទេ បទពិសោធន៍របស់យើងគ្រប់គ្រាន់ ដើម្បីឱ្យយើងដឹងថា ការគ្រប់គ្រងជំងឺកូវីដ-១៩ គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដោយខានមិនបានមិនអាចបន្ថយឱ្យនៅ១០ថ្ងៃ ឬ ៧ថ្ងៃទេ ជាក់ស្តែងករណីថ្ងៃនេះ ឆ្លង១ករណី នៅខេត្តប៉ៃលិន ដែលស្ត្រីរូបនេះ បានមកដល់ខេត្តប៉ៃលិន តាំងពីថ្ងៃទី១៥ ខែមករាមកម្ល៉េះ»។
ពាក់ព័ន្ធនឹងចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះករណីធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលធ្វើតេស្តច្រើនដងនោះវាបានក្លាយជាបទពិសោធន៍ទៅហើយ ដូច្នេះ សូមកុំប្រថុយឱ្យសោះនូវកាត់បន្ថយធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន ក៏សូមនូវការយោគយល់ចំពោះបងប្អូនជនរួមជាតិ ជាពិសេស គឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមតំបន់ព្រំដែនជាង ៧ពាន់នាក់ ក្នុងខេត្តទាំង៧ ប៉ុន្តែ ខេត្តដែលមានមនុស្សធ្វើចត្តាឡីស័កច្រើនជាងគេ ខេត្តបន្ទាយមានជ័យចំនួន ៣,៦០០នាក់, ខេត្តឧត្តរមានជ័យជាង២ពាន់នាក់ ខេត្តបាត់ដំបង ជាង ១ពាន់នាក់ សរុបទាំងអស់ជាង៧ពាន់នាក់ ដែលកំពុងធ្វើចត្តាឡីស័ក»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់ការធ្វើចត្តាឡីស័កនេះ មិនថាតែតាមបណ្តាខេត្តជាប់ព្រំដែន ឬនៅរាជធានីភ្នំពេញនោះទេ គឺត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាការកំណត់របស់វិធានសុខាភិបាល និងមិនអាចដោះដូរបាននោះទេ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះករណីធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលធ្វើតេស្តច្រើនដងនោះវាបានក្លាយជាបទពិសោធន៍ទៅហើយ ដូច្នេះ សូមកុំប្រថុយឱ្យសោះនូវកាត់បន្ថយធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានបញ្ជាក់ថា អ្នកចូលធ្វើចត្តាឡីស័ក ទទួលទានប្រចាំថ្ងៃលើសកងទ័ពចំនួន៣ដង ទោះជាយ៉ាងណាក្នុងនាមជាអ្នកដឹកនាំប្រទេសត្រូវឱ្យប្រជាពលរដ្ឋដែលកំពុុងធ្វើចត្តាឡីស័កទទួលទានឱ្យបានគ្រប់គ្រាន់៕