(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំងលើសមរភូមិជំងឺកូវីដ១៩ នៅទូទាំងពិភពលោកនេះ មិនអាស្រ័យលើប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ប្រទេសដែលមានវិទ្យាសាស្ត្រជឿនលឿន ឬមិនជឿនលឿននោះទេ តែវាអាស្រ័យលើការគ្រប់គ្រងអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

សម្ដេចតេជោបានឱ្យដឹងថា បញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ នៅលើពិភពលោកទាំងមូល ក៏ដូចជានៅក្នុងតំបន់មិនទាន់ស្រាក់ស្រានទេ រាប់ទាំងកម្ពុជាផងដែរ ដូច្នេះពេលវេលានេះមិនមែនជាពេលស្ដីបន្ទោស ឬប្រដៅគ្នា ឬទាស់ទែងគ្នានោះឡើយ ប៉ុន្តែជាពេលវេលាដែលបណ្ដាប្រទេសទាំងអស់នៅលើពិភពលោករួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា មិនប្រាកដថាប្រទេសណាធ្វើគ្រូប្រទេសណាទេ សំខាន់គឺគ្រប់ប្រទេសត្រូវតែពិគ្រោះយោបល់ដោយស្មើភាព និងស្មើសិទ្ធិគ្នា ដើម្បីចែករំលែកបទពិសោធន៍ជាមួយគ្នាក្នុងការដោះស្រាយបញ្ហាសាកលនេះ។

តាមការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមិនទាន់រួចផុតពីហានិភ័យនៃការគំរាមកំហែងពីជំងឺកូវីដ១៩នៅឡើយទេ ដោយសារប្រទេសថៃដែលជាប្រទេសជិតខាងកម្ពុជានោះ កំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក្នុងនោះកម្មករកម្ពុជាក៏បានឆ្លងនៅប្រទេសថៃ ១៣៦ នាក់ដែរ ហើយកំពុងសម្រាកព្យាបាល។ ក្រៅពីនោះ ពួកគេក៏បានចូលក្នុងប្រទេសកម្ពុជាវិញបានឆ្លងជំងឺកូវីដប្រមាណ ៧០-៨០ នាក់ ហើយកំពុងសម្រាកព្យាបាល និងកំពុងធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អាជ្ញាធរនៅតាមព្រំដែនថា កិច្ចការចម្បងនៅចំពោះមុខនេះ គឺត្រូវខិតខំទប់ស្កាត់យ៉ាងណាកុំឱ្យមានការឆ្លងនៅក្នុងសហគមន៍សាជាថ្មី។

សម្ដេចតេជោបានលើកឡើងថា ប្រទេសអ្នកមានទាំងអស់ មានបច្ចេកទេសជឿនលឿន វេជ្ជសាស្ត្រពូកែជាប្រទេសកម្ពុជារាប់រយដង ប៉ុន្តែបែរជាមានមនុស្សឆ្លង និងស្លាប់ច្រើនទៅវិញ។ រីឯប្រទេសអ្នកក្រក្នុងអាស៊ាន រួមមាន កម្ពុជា ឡាវ ទីម័រខាងកើត ឆ្លងតិចហើយ អត់ទាន់មានមនុស្សស្លាប់ទៀត។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះ បញ្ហាមិនឋិតលើប្រទេសណាមាន ប្រទេសណាក្រ ប្រទេសណាមានវិទ្យាសាស្ត្រជឿនលឿន ឬមិនជឿនលឿន មិនឋិតលើបញ្ហានេះទេ ឋិតនៅត្រង់អភិបាលកិច្ចតែម្ដង។ នេះមិនមែនបានន័យថាយើងពូកែទេ ប៉ុន្តែពេលនេះគឺជាពេលវេលានៃការគ្រប់គ្រងដោយហ្មត់ចត់ ហើយមិនអាចធ្វេសប្រហែសបានឡើយ»

សូមជម្រាបថា ដោយសារពិធីបុណ្យចូលឆ្នាំចិនបានខិតជិតមកដល់ហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដាច់ខាតមិនអាចភ្លេចយុទ្ធនាការ «៣ការពារ» ដែលមានពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពនោះឡើយ ដែលនេះគឺជាការធ្វើសមយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕