(ភ្នំពេញ)៖ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars លោក Torsten Mueller-Oetvoes បានប្រកាសថា រថយន្តម៉ូដែល Phantom បានឈានដល់ដំណាក់កាល ចុងក្រោយនៃដំណើរ ជីវិត ដ៏ជោគជ័យរបស់ខ្លួនហើយ នៅឆ្នាំ ២០១៦ នេះ ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនបានប្រកាសកាលពីពេលថ្មីៗ ពីការចាប់ផ្ដើមធ្វើតេស្តសាកល្បង នូវគ្រោងតួរថយន្ត ដែលធ្វើពី អាលុយមីញ៉ូម សុទ្ធសាធន៍ ចំនែក តួរថយន្តប្រភេទវិញ នឹងមានបំពាក់លើគ្រប់រថយន្ត Rolls-Royce ទាំងអស់ គ្រោងនឹងដាក់លក់នៅលើទីផ្សារនៅដើមឆ្នាំ ២០១៨ ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសទៀតថា រថយន្តម៉ូដែល Phantom Coupé និង Drophead Coupé ក៏នឹងលែងមានផលិតតទៅទៀតដែរនៅថ្ងៃអនាគតផងដែរ ។ ម៉ូដែល Phantom ទាំងពីរស៊េរីដ៏អស្ចារ្យនេះ នឹងលែងមានតទៅទៀតហើយ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តដ៏ពិសេសអស្ចារ្យនេះត្រឹម ៥០ គ្រឿងបន្ថែមទៀតប៉ុណ្ណោះដោយដាក់ឈ្មោះថា Phantom Zenith។
រថយន្តម៉ូដែល Phantom ជំនាន់ទី ៧ បច្ចុប្បន្ន បានចាប់ផ្ដើមផលិតនៅឯរោងចក្រ Goodwood កាលពីជាង ១៣ ឆ្នាំមុន ហើយបានក្លាយជាគ្រឹះដែលនាំឲ្យមានការរីកលូតលាស់ឡើងវិញនៃរថយន្ត Rolls-Royce នេះ ។ នៅពេលនេះ រថយន្ត Phantom VII (ជំនាន់ទី ៧) ដ៏អស្ចារ្យ សមសួន និងមានថាមពលខ្លាំង ដែលជារថយន្តកំពូលមហាប្រណីតនេះ បានឈានដល់ដំណាក់កាលជីវិតចុងក្រោយរបស់ខ្លួនហើយ។ នៅអំឡុងខែវិច្ឆិកា ឆ្នាំនេះ ការផលិតរថយន្ត Phantom Coupé និង Phantom Drophead Coupé នៅឯរោងចក្រ Goodwood នឹងចប់ជាស្ថាពរ ។ រថយន្តម៉ូដែលទាំងនេះនឹងលែងមានទៀតហើយ ។
អ្នកប្រមូលវត្ថុទុក (Collectors) ទូទាំងពិភពលោក រំភើបរីករាយជាខ្លាំង នៅពេលទទួលដំណឹងថា ក្រុមហ៊ុននឹងផលិតរថយន្តម៉ូដែល Phantom Coupé និង Phantom Coupé ដ៏ពិសេសចំនួនត្រឹមតែ ៥០ គ្រឿងចុងក្រោយប៉ុណ្ណោះ ហើយនឹងដាក់ឈ្មោះថា Phantom Zenith ដើម្បីជាការអបអរដល់ការបញ្ចប់ជាស្ថាពរនូវការផលិតរថយន្តដ៏ពិសេសពិតៗនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce ក៏នឹង ផលិតរថយន្ត Phantom ជំនាន់ទី ៧ តួធម្មតាជាចុងក្រោយផងដែរនៅឆ្នាំនេះ ។
លោក Mueller-Oetvoes បានថ្លែងថា៖ “ខ្ញុំមានមោទនភាព និងក្តីរំភើបរីករាយក្នុងការប្រកាសថា រថយន្ត Phantom ស៊េរីថ្មី កំពុងតែលេចចេញជារូបរាងហើយ ដែលមានភាពទំនើបទាន់សម័យ និងស្រស់ស្អាត ដោយមានបំពាក់បច្ចេកវិទ្យាខ្ពស់ និងការរចនាម៉ូតថ្មីពិសេស ។ រាល់ម៉ូដែល Phantom ថ្មីនីមួយៗនឹងក្លាយជាប្រវត្តិសាស្ត្រសំខាន់ក្នុងប្រវត្តិសាស្ត្រយានយន្ត ដូច្នេះយើងកំពុងតែព្យាយាមធ្វើឲ្យម៉ូដែល Phantom ជំនាន់ទី ៨ មានភាព ល្អឥតខ្ចោះ” ។ កាលពីឆ្នាំ ២០០៣ ក្រុមហ៊ុនរថយន្ត Rolls-Royce បានបង្កើតនិយាមការថ្មីសម្រាប់យានយន្តមហាប្រណីត គឺនៅពេលដែលក្រុមហ៊ុនបានចេញម៉ូដែល Phantom ជំនាន់ទី ៧ នេះឯង ដែលជាម៉ូដែលឈរនៅលំដាប់កំពូលនៃរថយន្តមហាប្រណីតពិតៗអស់រយៈពេល ១៣ ឆ្នាំកន្លងមកនេះ ។ ក្នុងរយៈកាលកន្លងមកនេះ រថយន្ត Rolls-Royce បានផលិតម៉ូដែល Phantomដ៏អស្ចារ្យ ជាច្រើនគ្រឿង ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងភាពប្រណីតពិតៗរបស់ខ្លួន ។
គួររំលឹកឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៥ មក គ្រឿងបំពាក់ និងការច្នៃបន្ថែមថ្មីៗត្រូវបានអភិវឌ្ឍឡើងសម្រាប់រថយន្ត Phantom VII។ ដំបូង គឺរថយន្ត Phantom តួវែង ហើយបន្ទាប់មក Phantomបើកដំបូល ដ៏ប្រណីត គឺ Phantom Drophead Coupé ក្នុងឆ្នាំ ២០០៧ ហើយនៅឆ្នាំ ២០០៨ គឺ Phantom Coupé ដែលជារថយន្ត ដ៏អស្ចារ្យពី Rolls-Royce ។
រថយន្តដ៏ស្រស់ស្អាតទាំងនេះ គឺមានភាពទាក់ទាញ គ្រប់សម័យកាល ហើយបានក្លាយជាគ្រឹះនៃកម្មវិធីច្នៃកុម្ម៉ង់រថយន្ត Rolls-Royce បែប Bespoke សម្រាប់អតិថិជនដែលមានតម្រូវការខុសៗគ្នា ហើយបាន អនុញ្ញាតឲ្យអតិថិជនអាចកុម្ម៉ង់នូវលក្ខណៈពិសេសៗរៀងៗខ្លួន សម្រាប់រថយន្តដ៏កំពូលរបស់ពួកគេ ។ សព្វថ្ងៃនេះ គ្រប់រថយន្តម៉ូដែល Phantom ដែលផលិតចេញពីរោងចក្រ នៅឯ Goodwood គឺត្រូវបាន ច្នៃកុម្ម៉ង់បែប Bespoke ផ្សេងៗគ្នា។ ក្នុងនោះរួមមានស៊េរី Waterspeed, Aviator, Metropolitan, Maharajh, និង Serenity ជាដើម ដែលសុទ្ធសឹងជារថយន្តបែប Bespoke ពិសេស របស់ម៉ូដែល Phantom ដែលរថយន្តនេះបានក្លាយជារថយន្តដែលចំនួនមានកំណត់ក្នុងលោក ហើយជារថយន្តដែលទទួលការស្រលាញ់ចូលចិត្តជាងគេបំផុត ៕