(កំពង់ស្ពឺ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ចំណងមិត្តភាព មិត្តភាពកម្ពុជា-ចិន បានបង្ហាញពិភពលោកនូវមិត្តភាពពិត រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងប្រែក្លាយជាកេរ្តិរ៍តំណែលមួយនៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិដែលនឹងត្រូវបន្តទៅរាប់រយពាន់ឆ្នាំ។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានហ្វឹកវឺហាត់ចម្រុះ និងការសម្តែងលំហាត់ទាំង៧ ជំនាញរបស់និស្សិតនាយទាហានកងទ័ពជើងគោក ជំនាន់ទី៩ នៅវិទ្យាស្ថានកងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសសើរចំពោះអនុព័ន្ធយោធាចិន ប្រចាំកម្ពុជា ទីប្រឹក្សាយោធា ក្រុមបច្ចេកទេសចិន ប្រចាំវិទ្យាស្ថានកងទ័ពជើងគោក ដែលបានសហការល្អ ជាមួយកងយោធពលខេមរភូមិន្ទ តាមរយៈការជួយឧបត្ថម្ភគាំទ្រជាច្រើន ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី សម្ភារៈ និថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានកងទ័ពជើងគោក តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានបន្តថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុង២ទស្សវត្សចុងក្រោយនេះ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការវិវត្តឥតឈប់ឈរ បានធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ក្នុងនោះកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពទាំងពីរ ត្រូវបានបន្តពង្រឹង ពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ប្រយោជន៍ឱ្យគ្នា «លើមូលដ្ឋានឈ្នះឈ្នះ និងសហវិជ្ជមាន» ដែលមិនអាចបបំបែកកាត់ផ្តាច់បានឡើយ ដូចថ្នាក់ដឹកនាំប្រទេសទាំងបានលើកឡើងថា «មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង កម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមរវាងប្រជាជនយើងទាំងពីរកម្ពុជា-ចិន»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនៃសកម្មភាពមនុស្សធម៌ ក្នុងស្មារតីទទួលខុសត្រូវ ក្នុងនាមជាបងប្អូន ជាមិត្តដែកថែប មិត្តអមតៈ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ «មិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» និងជាមិត្តដៃគូដ៏ល្អ «និយាតិច ធ្វើច្រើន»។ សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកស្ទួយចំណងទាក់ទងទ្វេរភាគីឱ្យកាន់តែខ្លាំក្លាថែមទៀត។ ជាពិសេសទំនាក់ទំនងរវាងប្រជាន និងប្រជាជន កងទ័ព និងកងទ័ព ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែរបស់ប្រជាជាតិទាំងពីរ៕