(ពោធិ៍សាត់)៖ សំណង់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាច្រើនទៀត នៅសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួលដល់ការសិក្សា-ស្នាក់នៅ របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតំបន់នោះ។

តាមការប៉ាន់ប្រមាណ បច្ចុប្បន្នសំណង់នៅសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ សម្រេចបានក្លោងទ្វា៧០ភាគរយ, ទីចាត់ការ និងបណ្ណាល័យ៦០ភាគរយ, អគារសិក្សា៣ជាន់៥០ភាគរយ និងរបង៦០ភាគរយ។ ដោយឡែកនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ សម្រេចបានក្លោងទ្វា១០ភាគរយ, ទីចាត់ការ និងបណ្ណាល័យ៧០ភាគរយ, អគារសិក្សា៣ជាន់៧០ភាគរយ, អគារស្នាក់នៅសម្រាប់សិស្ស និងគ្រូ៧០ភាគរយ និងរបង៧០ភាគរយ ដែលនឹងឈានទៅបញ្ចប់ការស្ថាបនា នាពេលឆាប់ៗខាងមុខ។

លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានឲ្យដឹងនា ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សំណង់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធ ដ៏សម្បូរបែបខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្តល់ជូនតាមសំណើរបស់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរស្រុក ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ នាពេលកន្លងទៅ។

លោកអភិបាលស្រុកបានបន្ថែមថា ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាដល់សាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ ១ខ្នង ៣ជាន់ មាន១៨បន្ទប់, ទីចាត់ការ បណ្ណាល័យ ១ខ្នង មាន៣បន្ទប់ ព្រមទាំងរៀបចំផ្លូវបេតុង ក្លោងទ្វារ និងរបងសាលា។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់បន្ថែមនូវអគារសិក្សាដល់វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ១ខ្នង ៣ជាន់ មាន១៨បន្ទប់, ទីចាត់ការ និងបណ្ណាល័យ ១ខ្នង មាន៣បន្ទប់, អគារស្នាក់នៅសម្រាប់សិស្ស និងគ្រូ ១ខ្នង ពីរជាន់ មាន១០បន្ទប់ ព្រមទាំងរៀបចំផ្លូវបេតុង ក្លោងទ្វារ របងសាលា និងតារាងបាល់ទះ បាល់បោះ នៅក្នុងសាលាផងដែរ។

លោក ហេង សុភាណា បានបន្តថា ទាំងនេះគឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ក៏ដូចជាបង្ខិតសាលារៀន ឲ្យនៅកាន់តែជិតបំផុត ដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសនៅរៀនសូត្រ ដូចសិស្សដទៃៗទៀត សមតាមបំណងប្រាថ្នា។

លោកអភិបាលស្រុក ក៏បានស្នើប្រជាពលរដ្ឋត្រូវរួមសាមគ្គី បន្តថែរក្សាការពារសុខសន្តិភាព ដែលមាននេះឲ្យបានគង់វង្ស ព្រោះសុខសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អភិវឌ្ឍប្រទេស និងនាំឲ្យមានអ្វីៗគ្រប់យ៉ាង ជាក់ស្តែងដូចជាផ្លូវជាតិលេខ៥៥ ដែលស្ថាបនារួច និងផ្លូវជាតិលេខ១០ ដែលកំពុងស្ថាបនាជាសក្ខីភាពស្រាប់៕