(ស្វាយរៀង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្ដយុទ្ធនាការចុះផ្សព្វផ្សាយ និងអប់រំអាជីវករ នៅតាមស្តង់ពិព័រណ៍ និងប្រជាពលរដ្ឋដើរទស្សនា និងទិញទំនិញនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនពួកគាត់ផងដែរ។
ការចុះផ្សព្វផ្សាយអំពីវិធានការការពារនូវជំងឺកូវីដ-១៩ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន២២នាក់។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ និងអភិបាលក្រុងស្វាយរៀង បានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការក្នុងការបង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ក្រសួងសុខាភិបាល។ ដូចនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចំណាយពេលវេលាចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ស្វាយរៀង និងក្រុងស្វាយរៀងសរុបចំនួន៤០នាក់។
លោកបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គម្លាតសង្គម គម្លាតបុគ្គល និងរស់នៅស្អាត ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។
ក្រៅពីនេះ ក្រុមការងារក៏បានណែនាំប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះ គឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ៕