(ព្រះវិហារ)៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិផ្សារថ្មី ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាប និងដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅចាត់ការទៅតាមច្បាប់។
លោក វុធ សាវី បានថ្លែងប្រាប់ឲ្យដឹង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅរសៀលថ្ងៃម្សិលមិញនេះ លោកបានដឹកនាំកម្លាំងមន្ត្រីនគរយុត្តិធម៌ មានរដ្ឋបាលព្រៃឈើ ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង នៅទីតាំងខាងលើ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតម៉ាស៊ីនវាលតាបឈូស, ម៉ូទ័រស្វាន, ម៉ូទ័រឈូស និងឈើប្រណិត បេង ធ្នង់ គ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការទៅតាមច្បាប់។
លោក វុធ សាវី បានថ្លែងបញ្ជាក់ថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ដែលធ្វើការបង្រ្កាបនេះ គឺមានឈើច្រើនណាស់ ឈ្មួញបានបន្លំភ្នែកសមត្ថកិច្ច គឺយកឈើទៅលាក់ទុកប្រមាណ៥កន្លែងទៀត ក្រោមការស្រាវជ្រាវ យ៉ាងច្បាស់ គឺលោកបានដឹកនាំបង្ក្រាបបានទាំងអស់។ ស្របពេលដែល លោកដឹកនាំកម្លាំងចុះទៅ គឺមិនមានឈ្មួញណាម្នាក់ចេញមុខអះអាងថា ជារបស់ខ្លួននោះទេ ដូច្នេះសម្ភារដែលជាវត្ថុតាង និងឈើចម្រុះជាច្រើនប្រភេទ ត្រូវបានដកហូតចាត់ការតាមច្បាប់។
លោក វុធ សាវី សង្កត់ធ្ងន់ថា ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែធ្វើការបង្រ្កាប រួមទាំងទីតាំងល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ទៀតទោះមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ។ លោកក៏បានអំពាវនាវប្រជាពលរដ្ឋ ត្រូវប្រកបរបរអាជីវកម្ម ដោយស្របទៅតាមច្បាប់ និយាយរួមរាល់ទីតាំងអាជីវកម្មត្រូវតែមានច្បាប់៕