(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបពិភាក្សានេះ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងអំពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ តាំងពីដើមរៀងមក ពិសេសការចូលរួមចំណែក របស់រុស្ស៊ីដល់កិច្ចអភិវឌ្ឍកម្ពុជា នៅក្នុងពេលកម្ពុជា ជួបប្រទះការលំបាក។
លោកឯកអគ្គរដ្ឋទូត ក៏សូមវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ពិសេសការគ្រប់គ្រង ករណីឆ្លងចូលសហគមន៍ ទាំងពីរព្រឹត្តិការណ៍កន្លង មកប្រកបដោយភាពជោគជ័យ។ លោកមានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា ពិតជានឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តគ្រប់គ្រងស្ថានភាព នៃជំងឺនេះតទៅមុខទៀត។
លោកឯកអគ្គរដ្ឋទូត ក៏លើកឡើងផងដែរអំពីទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការប្រាស្រ័យទាក់ទងរវាងវិស័យឯកជន នៃប្រទេសទាំងពីរ ទោះបីពេលខ្លះភាគីទាំងពីរ ត្រូវរៀបចំកិច្ចប្រជុំពីចម្ងាយ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ក្តី។ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្ររបស់រុស្ស៊ី ចំពោះការចូលរួមរបស់កម្ពុជា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីសហភាពសេដ្ឋកិច្ច អ៊ឺរ៉ុប-អាស៊ី (EEU) និងការរៀបចំកិច្ចព្រមព្រៀង ស្តីពីការសម្រួលដល់វិនិយោគ និងសេវា រវាងប្រទេសទាំងពីរ ព្រមទាំងលទ្ធភាពរបស់រុស្ស៊ី ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកពិសេស តាមសំណូមពរ និងតម្រូវការរបស់ភាគីកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរអំពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ Sputnik V និងវ៉ាក់សាំងប្រភេទផ្សេងទៀត ដែលបានអភិវឌ្ឍន៍ដោយប្រទេសរុស្ស៊ី។ លោកបានបន្តថា ពិភពលោកនេះ មិនអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជោគជ័យទាំងស្រុងទេ ប្រសិនបើគ្មានវ៉ាក់សាំង ហើយរុស្ស៊ីគ្មានរបៀបវារៈអ្វី នៅពីក្រោយបញ្ហាវ៉ាក់សាំងនេះទេ។
លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ និងតួនាទីរបស់រុស្ស៊ី នៅក្នុងដំណើការអភិវឌ្ឍន៍កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស ដែលផលិតបាននូវធនធានមនុស្សដ៏ចំណានៗ និងមានសមត្ថភាពខ្ពស់។ លោកក៏បានផ្លាស់ប្តូរមតិ និងទស្សនៈមួយចំនួនផងដែរ ដើម្បីជាផលប្រយោជន៍ នៃប្រទេសទាំងពីរ ទាំងនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក។
លោក វង្សី វិស្សុត បានថ្លែងទៀតថា រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ក្នុងការចាត់ទុកវ៉ាក់សាំង ជាតម្រូវការជាយុទ្ធសាស្រ្ត របស់កម្ពុជាក្នុងការប្រយុទ្ធ និងឈានទៅលុបបំបាត់ជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំងនេះ មិនត្រឹមតែជួយការពារ អាយុជីវិតប្រជាជន និងអាចយកឈ្នះលើជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ តែវាក៏អាចផ្តល់លទ្ធភាព ដល់កម្ពុជាឱ្យអាចដំណើរការ សកម្មភាពសេដ្ឋកិច្ច បានពេញលេញឡើងវិញ ពិសេសដើម្បីផ្តល់នូវទំនុកចិត្ដ ដល់អ្នកវិនិយោគ ឱ្យហ៊ានមកវិនិយោគនៅកម្ពុជា ក៏ដូចជាដើម្បីអាចទាក់ទាញ វិនិយោគបានបន្ថែមទៀត។
រាជរដ្ឋាភិបាល បានប្រកាន់យកគោលការណ៍បុរេសកម្ម ដើម្បីអាចទិញ និងទទួលបានវ៉ាក់សាំង ឱ្យបានឆាប់បំផុត ទាំងវ៉ាក់សាំង ដែលជាអំណោយរបស់ប្រទេសជាមិត្ត និងតាមរយៈយន្តការ COVAX ព្រមទាំងវ៉ាក់សាំង ដែលកម្ពុជាត្រូវទិញដោយខ្លួនឯង ដើម្បីបំពេញការខ្វះខាត។
រាជរដ្ឋាភិបាល កំពុងតែដំណើរការនូវ ផែនការលទ្ធកម្មទិញវ៉ាក់សាំង សម្រាប់ឈាន ទៅអនុវត្តកម្មវិធីចាក់វ៉ាក់ ជូនប្រជាជនកម្ពុជានូវវ៉ាក់សាំង ឱ្យបានលឿន និងឆាប់រហ័ស សុវត្ថិភាព និងប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ លោកក៏មានប្រសាសន៍សូមស្វាគមន៍ និងសំដែងនូវអំណរគុណដល់ភាគីរុស្ស៊ី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ វ៉ាក់សាំងជំងឺកូវីដ-១៩ ហើយភាគីទាំងពីរនឹងបន្តជំរុញ កិច្ចការនេះឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
ពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ភាគីទាំងក៏បានពិភាក្សា និងផ្លាស់ប្តូរមតិ ពាក់ព័ន្ធនឹងការរៀបចំកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ច អ៊ឺរ៉ុប-អាស៊ី (EEU) ក៏ដូចជាលទ្ធភាព នៃការរៀបចំកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផងដែរ ។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការទាក់ទាញ និងការជំរុញការ វិនិយោគរបស់ក្រុមហ៊ុនរុស្ស៊ី នៅកម្ពុជា ការដោះស្រាយបំណុលចាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស៕