(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគម សិស្សនិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតី ក្នុងពិធីជូនប័ណ្ណសរសើរ ដល់និស្សិត ចំនួន២៤០នាក់ ស្រី១២៣នាក់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីវេលាម៉ោង ៧ ព្រឹក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
សាកលវិទ្យាល័យជាតិគ្រប់គ្រង គ្រោងនឹងរៀបចំជូនប័ណ្ណសរសើរដល់និស្សិតពូកែប្រចាំឆ្នាំតាមមុខ ជំនាញឯកទេសពីលេខ១ ដល់លេខ៥ សរុបចំនួន ២៤០នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន ១២៣នាក់។
ជាមួយគ្នានេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានរៀបចំ ការប្រកួតប្រជែងឲ្យមានការធ្វើបទ បង្ហាញ (Presentation) ជាក្រុម លើប្រធានបទខុសៗគ្នាពី ក្នុងចំណោមនិស្សិតពូកែទាំង២៤០នាក់ នោះ ដើម្បីជ្រើសរើសយកនិស្សិតពូកែឆ្នើមមួយក្រុម ប្រចាំសាកលវិទ្យាល័យ។
គួរបញ្ជាក់ថា និស្សិតនឹងទទួលបានប័ណ្ណសរសើរម្នាក់មួយសន្លឹក អំណោយសម្តេចតេជោ ហ៊ុន សែន មាន សៀវភៅ២ក្បាល (គតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១ក្បាល រៀបរៀងដោយលោកស៊ិន សុវណ្ណនិ និង សេដ្ឋកិច្ចកម្ពុជា ១ក្បាល និពន្ធដោយលោក ហង់ ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។
រីឯក្រុមនិស្សិតដែលនឹងប្រកាសថាជាប់ជា Top 1 ប្រចាំសាកលវិទ្យាល័យ នឹងទទួលបានទឹកប្រាក់ ៥០០ដុល្លារបន្ថែមទៀត៕