(កំពង់ធំ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជារៀងរាល់ឆ្នាំ តែងតែរៀបចំសន្និសីទប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃយន្តការលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលដើម្បីពង្រីក និងពង្រឹងចំណេះដឹងទូទៅ ព្រមទាំងសមត្ថភាពរបស់និស្សិត ដើម្បីឲ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំឲ្យមានគុណភាព និងស្តង់ដា។
ជាក់ស្ដែង នៅថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២១ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ចាម និងសាខាខេត្តកំពង់ធំ បានរៀបចំសន្និសីទស្ដីពី «ការសិក្សានៅឧត្តមសិក្សាដើម្បីឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារការងារ» នៅសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ធំ មានសិស្សនិស្សិត និងសាស្រ្តាចារ្យប្រមាណ ៣០០នាក់ បានចូលរួមអង្គពិធីទទួលបានការចូលរួមជាកិត្តិយសលោក មាស បូរ៉ា សកលវិទ្យាធិការ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ដែលមានបទពិសោធន៍ ព្រមទាំងទ្រឹស្តីក្នុងជំនាញជាក់ស្តែងមកពីអង្គការ និងស្ថាប័ននានា រួមនឹងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ។
គោលបំណងសន្និសីទជួយតម្រង់ទិសដល់សិស្សានុសិស្ស ក្នុងការជ្រើសរើសជំនាញឯកទេសសិក្សានៅថ្នាក់ឧត្តមសិក្សា ឲ្យបានត្រឹមត្រូវការស្វែងយល់ពីកត្តាជោគជ័យក្នុងការងារ និងមុខរបរនិងការយល់ដឹងពីលក្ខណៈសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីដល់សិស្សានុសិស្សក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយសេវានិស្សិតរបស់សាកលវិទ្យាល័យឲ្យកាន់តែប្រសើរឡើង។
លោក តាក កាក់នីកា នាយកសាខាខេត្តកំពង់ធំ បានអះអាងថា ក្នុងចំណោមសាកលវិទ្យាល័យឯកជននាំមុខដទៃទៀត (CUS) មាននិស្សិត ២០,០០០នាក់ កំពុងសិក្សានៅក្នុងទីតាំងគោល និងសាខាសរុប ៨ទីតាំង (ភ្នំពេញ កំពត កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ) និស្សិតដែលបានបញ្ចប់ការសិក្សាមានជាង ៤០,០០០នាក់ ជាក់ស្តែងគុណភាពនៃការបណ្ដុះបណ្ដាល ត្រូវបានលើកកម្ពស់ជាប្រចាំ តាមរយៈការខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងអស់ ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងរយៈពេល១៩ឆ្នាំកន្លងមក ក្នុងនោះសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ធំ បានចូលរួមខិតខំកែទម្រង់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ ដើម្បីនឹងសម្រេចឲ្យបាននូវគោលគំនិត (ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា) និងសំដៅធ្វើឲ្យនិស្សិតមានវិជ្ជាជីវៈខ្ពស់ និងបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃ។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាខាខេត្តកំពង់ធំទទួលបានកំណើននិស្សិតគួរឲ្យកត់សម្គាល់សម្រាប់ឆ្នាំសិក្សា២០២១នេះ និស្សិតមានការកើនឡើងស្មើនឹង ៣៣.៣០ភាគរយ បើធៀបនឹងឆ្នាំចាស់កន្លងមក។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានអះអាង បុគ្គលគ្រប់រូបចង់បានជោគជ័យ មានការងារល្អ មានចំណូលខ្ពស់ ទាំងអ្នកសិក្សា ស្រាវជ្រាវ ព្រមទាំងសេដ្ឋី ត្រូវមានចំណេះដឹង តាមរយៈការសិក្សាជាដើម ហេតុនៃការជោគជ័យ និងធានានូវនិរន្តភាពនៃប្រាក់ចំណូល។ ការសិក្សាកាន់ខ្ពស់ កាន់តែមានចំណងដឹង មានសមត្ថភាពមានឧត្តមភាព ប្រគួតរប្រជែងក្នុងទីផ្សារការងារតាមរយៈការសិក្សា។ ការសិក្សាឲ្យបានជោគជ័យ ទាមទារ ឲ្យមាននូវការរៀបចំផែនការសកម្មភាព និងគោលដៅជាក់លាក់ ការសិក្សាក្នុងថ្នាក់ត្រូវផ្ដោតសំខាន់លើជំនាញច្បាស់លាស់ តាមរយៈការងារជាអាទិភាព គឺការសិក្សាស្រាវជ្រាវ ការអាន កត់ត្រាសង្ខេបជាប្រចាំ ព្រមទាំងចុះ កម្មសិក្សា។
លោក សៀង វីរៈ នាយកតំបន់ធនាគារកាណាឌីយ៉ាខេត្តកំពង់ធំ និងលោក ហ៊ុន ម៉េងលី នាយកធនាគារហ្វីលីពសាខាខេត្តកំពង់ចាម បានលើកឡើងស្រដៀងគ្នាផងដែរថា អាជីពក្នុងវិស័យហិរញ្ញវត្ថុនាសម័យបច្ចុប្បន្ន គឺលោកបានលើកឡើងអំពីវឌ្ឍនភាពផលិតផល និងសេវាកម្មនានារចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស និងឱកាសការងារឱកាសដែលគ្រឹះស្ថានទាំងពីរផ្ដល់ជូនការត្រៀមខ្លួន ដើម្បីទទួលឱកាសការងារអត្ថប្រយោជន៍សម្រាប់មុខតំណែងផ្សេងៗ ទៅតាមសមត្ថភាពនៅក្នុងស្ថាប័នផ្ដល់ឱកាសការងារប្រកបដោយនិរន្តរភាព ផ្ដល់ការហ្វឹកហ្វឺនជាប្រចាំផ្ដល់ការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមបង្កើតឱកាសសម្រាប់ក្លាយជាបុគ្គលដែលមានសមត្ថភាព។
លោក សុខ សារ៉ែម ប្រធានមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរនឹងការងារខេត្តកំពង់ចាម និងលោក ខៀវ វឿន ប្រធានមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារខេត្តកំពង់ធំបានលើកឡើងអំពីព័ត៌មានទីផ្សារការងារ និងកត្តាប្រឈមគឺលោកបានលើកឡើងអំពីទីផ្សារការងារ ដែលមាននៅក្នុងខេត្តរចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស និងឱកាសការងារដែលយុវជន និងទទួលបានដោយផ្អែកទៅតាមលទ្ធភាផលដែលខ្លួនមាន។
លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីជៀសបាននូវការប្រឈមអំពីការងារនិស្សិតដែលជាយុវជនត្រូវគិតពីតួនាទី និងភារកិច្ចរបស់យុវជន គឺយុវជនជាទំពាំងស្នងឫស្សី យុវជនត្រូវតែមានចំណេះដឹង និងជំនាញច្បាស់លាស់មានលក្ខណៈវិនិច្ឆ័យយុវជនល្អ គឺត្រូវមានសមត្ថភាពធ្វើការងារ និងបំពេញបន្ថែមនូវកង្វះនៃជំនាញក្នុងការបំពេញការងារ ដូចជាជំនាញជាក់លាក់សម្រាប់ការងារជំនាញភាសាបរទេស ជំនាញប្រើប្រាស់កុំព្យូទ័រ ជំនាញគ្រប់គ្រងអតិថិជនជំនាញដោះស្រាយបញ្ហាទំនាក់ទំនងផ្ទាល់មាត់ និងជំនាញបំពេញការងារជាក្រុម ជំនាញរៀបចំនិងធ្វើផែនការការងារ ជំនាញទំនាក់ទំនងដោយសរសេរជំនាញរដ្ឋបាល ជំនាញគ្រប់គ្រងបែបយុទ្ធសាស្ត្រជំនាញអនុវត្តការងារដោយរហ័សរហួនជំនាញជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការកាត់បន្ថយបញ្ហា យុវជនត្រូវស្វែងយល់អំពីព័ត៌មានថ្មីៗទាក់ទងទៅនឹងការអភិវឌ្ឍទទួលបទពិសោធន៍ថ្មី ដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព កត្តាជោគជ័យរបស់យុវជន ដើម្បីជួយអភិវឌ្ឍ និងទទួលបានផលពីការអភិវឌ្ឍ គឺផ្ដើមពីយុវជនខ្លួនឯងជាចម្បង និងផ្ដើមពីការងារប្រចាំថ្ងៃ។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់បានថ្លែងថា ការវិនិយោគក្នុងការសិក្សាបានចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលដើម្បីឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនិងកំពុងកែទម្រង់ឈានទៅរកការអភិវឌ្ឍការសិក្សា ពិតជាមានសារៈសំខាន់សម្រាប់មនុស្សទីណាក៏អាចសិក្សាបានដែរ ជាពិសេសការអភិវឌ្ឍប្រទេសជាតិ គឺត្រូវពឹងលើធនធានបញ្ញាដែលចាំបាច់មិនអាចខ្វះបាន នៅក្នុងសាលាបង្រៀនចំណេះដឹង រីឯនៅកន្លែងការងារបង្រៀនចំណេះធ្វើ និងផ្ដល់បទពិសោធន៍។
សាកលវិទ្យាធិការបានផ្ដោតសំខាន់ថាវាជាព្រឹត្តិការណ៍មួយដ៏ល្អ ដែលនិស្សិតទទួលបានចំណេះដឹងជាមគ្គុទ្ទេសក៍សម្រាប់និស្សិតយកទៅពិចារណា និងសម្រេចចិត្តក្នុងការសិក្សាអ្វីសំខាន់ គឺសកម្មភាពបំពេញ គោលបំណងក្នុងលក្ខណៈនិរន្តរភាព ឆ្ពោះទៅការសម្រេចជោគជ័យដែលនិស្សិតបានកំណត់។
សាកលវិទ្យាល័យមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញនូវបេសកកម្មដ៏មានអត្ថន័យ ដើម្បីជួយសិស្សនិស្សិតឲ្យសម្រេចបានជោគជ័យដូចបំណង។
លោកបណ្ឌិត មាស បូរ៉ា ក្នុងនាមជាប្រធានដឹកនាំអង្គសន្និសីទបានថ្លែងអំណរគុណដល់ពេកមិនទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាមលើប្រធានបទល្អៗមានសារៈសំខាន់ បានជាប្រយោជន៍ធំធេងដល់សាស្ត្រាចារ្យសិស្សនិស្សិត និងអ្នកចូលរួមទាំងអស់សម្រាប់ជាមូលដ្ឋានអនុវត្តការងារ ដើម្បីឱ្យការសិក្សានៅឧត្តមសិក្សាទទួលបានជោគជ័យដំបូងបំផុត ត្រូវមានគំនិតជាមុនសិនថា តើយើងចង់បានអ្វីចង់ធ្វើអ្វីមានចក្ខុវិស័យទស្សនវិស័យបែបណាចំពោះកិច្ចការនោះ បន្ទាប់មកត្រូវធ្វើការសិក្សាស្រាវជ្រាវទីផ្សារ ដើម្បីរកលទ្ធភាពចន្លោះប្រហោងដែលអាចធ្វើទៅបាន និងទទួលជោគជ័យ៕