(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរយៈពេល ៦ខែ ជូនគណៈកម្មាធិការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ កក្កដា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ការបរិច្ចាគបៀវត្សនេះ ជាការចូលរួមសម្តែងនូវសមានចិត្តសាមគ្គីភាពរបស់លោកបណ្ឌិតសភាចារ្យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកការពារសុខភាពរបស់ប្រជាជនកម្ពុជា រួមគ្នាការពារកុំឱ្យមានការឆ្លងចូលសហគមន៍ជាថ្មី ក្នុងបរិការណ៍ដែលស្ថានភាពជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ១៩ នេះបាននិងកំពុងបន្តកើតមាននៅកម្ពុជា។
ស្មារតីរួមចំណែកនេះ អនុវត្តតាមគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសនាំមុខក្នុងការកាត់បៀវត្សរ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងស្មារតីនៃការចូលរួមបរិច្ចាគពីបណ្តាថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាជនកម្ពុជាតាមឆន្ទៈសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា ក្នុងបុព្វហេតុបន្តប្រយុទ្ធនឹងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ១៩។
ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងទៅ គឺមានការចូលរួមពីព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាជនកម្ពុជា ដែលបានព្រះរាជទាន ផ្តល់ជាថវិកា បរិច្ចាគបៀវត្សទាំងស្រុង ឬមួយផ្នែក តាមការស្ម័គ្រចិត្តជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩នេះ៕