(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹករឿងកាលពីអតីតកាលដ៏ឈឺចាប់មួយ សម្រាប់កម្ពុជា ដែលប្រទេសកម្ពុជា ជាអ្នករងគ្រោះដោយសាររបបប្រល័យពូជសាសន៍ ប៉ុលពត ប៉ុន្ដែបែរជារងទណ្ឌកម្មពីប្រទេសដែលតាំងខ្លួនថា ជាប្រទេសប្រជាធិបតេយ្យទៅវិញ។
ទណ្ឌកម្មដែលកម្ពុជាទទួលរងពីប្រទេសប្រជាធិបតេយ្យនោះ គឺការគាំទ្រនូវរដ្ឋប្រហារយោធារបស់សេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយក្រោយមកពួកគេគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិទៀត ដែលនេះជារឿងអយុត្តិធម៌កាលពីអតីតកាលរបស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន។
ការរំលឹករឿងអតីតកាលរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងជាជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៍ ក៏ប៉ុន្ដែបែរជាត្រូវទទួលទណ្ឌកម្ម ពីប្រទេសប្រជាធិបតេយ្យទៅវិញ ប្រទេសប្រជាធិបតេយ្យ គេគាំទ្ររដ្ឋប្រហារយោធារបស់លន់ លុន ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ក្រោយមកគេក៏គាំទ្រពួកខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ធ្វើបាបយើងទៀត»។
នាយករដ្ឋមន្ដ្រីដែលដម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយហ៊ានយកជីវិតធ្វើដើមទុនដើម្បីរំដោះកម្ពុជា ចេញពីភ្លើងសង្គ្រាមរហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលសព្វថ្ងៃនេះ ក៏ឆ្លៀតចោទជាសំណួរមួយដែរថា តើទណ្ឌកម្មបែបនេះ ជារឿងដែលគួរឲ្យសោកស្ដាយដែរឬទេរបស់កម្ពុជា?។
ប៉ុន្ដែត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឡើងវិញថា ជាភព្វសំណាងសម្រាប់កម្ពុជាវិញ ក្រោយមកគេផ្ដល់ជំនួយឲ្យតុលាការ កាត់ទោសខ្មែរក្រហម ដែលទើបជិតឈានដល់ទីបញ្ចប់ តែទោះជាយ៉ាងណា គេមិនដែលបង្ហាញនូវការសោកស្ដាយណាមួយ ចំពោះទង្វើអតីតកាល ដែលគេបានធ្វើខុសនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសថា បើទោះបីកម្ពុជា ទទួលរងនូវទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យក៏ពិតមែន ប៉ុន្ដែមិនអាចសម្លាប់កម្ពុជាបាននោះទេ ពោលកម្ពុជា នៅតែជម្នះរាល់គ្រប់ឧបសគ្គទាំងអស់រហូតមកដល់ពេលនេះ។ នៅពេលនេះ កម្ពុជាមានសន្ដិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលទាមទារឲ្យមានការចូលរួមការពារពីប្រជាពលរដ្ឋឲ្យខាងតែបាន ហើយទោះតម្លៃណាក៏ដោយ មិនអាចឲ្យអ្នកណាមកបំផ្លាញបានឡើយ៕