(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់កម្ពុជា គឺមើលជុំទិសទាំងអស់ ពោលរាប់អានប្រទេសទាំងអស់ មិនសម្តៅតែលើប្រទេសណាមួយនោះឡើយ។
ពីលើវេទិកាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមននៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយកំពុងថ្លែងពាក់ព័ន្ធលើបញ្ហាវ៉ាក់សាំងប្រឆាំងកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតផ្ញើសារសុំវ៉ាក់សាំងពីប្រទេសបារាំង។
ដោយលើវេទិកាមានវត្តមានលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាផងដែរនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាវ៉ាក់សាំងនេះ កម្ពុជាត្រូវការពីគ្រប់ប្រទេសជាមិត្តទាំងអស់ មិនមែនមានត្រូវតែវ៉ាក់សាំងរបស់ចិននោះទេ។
ស្របជាមួយគ្នានោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានឆ្លៀតបញ្ជាក់ពីជំហរនៃការធ្វើនយោបាយការបរទេសរបស់ខ្លួនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមិនមើលឆ្ពោះតែប្រទេសណាមួយ ឬទិសណាមួយនោះទេ តែកម្ពុជាមើលជុំវិញទិសតែម្តង។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «កុំមើលកម្ពុជាត្រូវការតែចិននោះ ត្រូវការទាំងអស់ហ្នឹង។ ស្អីឡើងក៏ចិន ស្អីឡើងក៏ចិន អត់ទេ។ កម្ពុជាមើលគ្រប់ជ្រុងទាំងអស់ បានន័យថាមើលជុំវិញខ្លួន។ មិនមែនមើលទៅទិសណាមួយទេ»។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «ឥណ្ឌាមាននយោបាយសម្លឹងមកទិសខាងកើត ហើយបន្ទាប់មកលោកនាយករដ្ឋមន្ត្រី ម៉ូឌី ប្រើពាក្យថា សកម្មភាពឆ្ពោះមកទិសខាងកើត ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ប្រើពាក្យថាសកម្មភាពមកទិសខាងត្បូង ឯសម្រាប់ខ្ញុំសកម្មភាពជុំវិញខ្លួន មើលគ្រប់ទិស។ នេះជាគោលនយោបាយបរទេសរបស់យើង»។
នយោបាយរបស់កម្ពុជា តែងមានការពិពណ៌នា និងអត្ថាធិប្បាយមួយចំនួនមានទំនោជិតស្និទ្ធខ្លាំងទៅខាងរដ្ឋាភិបាលចិន។ តែការលើកឡើងទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលជារឿយៗ និងអះអាងនយោបាយកម្ពុជា គឺអព្យាក្រឹត្យ ហើយធ្វើទំនាក់ទំនងដោយស្មើភាពជាមួយប្រទេសជាមិត្ត៕