(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រពាក្យស្លោកលើកឡើងដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ដែលបានលើកឡើងថា «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្របែបនេះនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថាគឺ «ថ្ងៃនេះដំបូងខ្ញុំសូមប្រកាសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រនូវពាក្យស្លោកដែលស្នើឡើងដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលលើកឡើងនូវពាក្យស្លោកដែលថា «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
បន្ថែមពីនេះសម្ដេចតេជោ បានបន្ថែមថា យុទ្ធសាស្រ្តនៃការអភិវឌ្ឍប្រទេសនេះ គឺសម្ដេចបានដាក់ចេញតាំងពីឆ្នាំ១៩៨៧មកម្ល៉េះ។ ដោយគ្រាន់តែមានមុំខុសពេលបច្ចុប្បន្នបន្តិចតែប៉ុណ្ណោះ ដែលពេលនោះគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស។
ប្រសាសន៍សម្ដេច៖ «យើងបានធ្វើក្នុងរយៈពេលជាង៣០ឆ្នាំមកហើយ ហើយខ្ញុំជឿថាអាទិភាពទាំង៤យ៉ាងនេះ នឹងត្រូវក្នុងរយៈពេលមិនតិចជាង៥០ឆ្នាំទៀតទេសម្រាប់ប្រទេសរបស់យើងគឺ មនុស្ស ទឹក ផ្លូវ និងភ្លើង។ ៤នេះ គឺមុំដែលនឹងត្រូវផ្ដល់អាទិភាពសម្រាប់ការវិនិយោគបន្ត»។
សូមបញ្ជាក់ដែរថា ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង នឹងត្រូវធ្វើឡើងចំនួន២ជំហាន ដោយជំហានទី១ អាចផលិតទឹកស្អាតបានចំនួន ១៥៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ហើយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ហើយថវិកាដែលប្រើប្រាស់សម្រាប់ជំហានទី១ គឺត្រូវប្រើប្រាស់អស់ចំនួន ២៤៧,០០០,០០០ ដុល្លារអាមេរិក។ ហើយជំហានទី២ នឹងធ្វើឡើងនៅក្នុងត្រីមាសទី៣នៃ ឆ្នាំ២០២២ ហើយបញ្ចប់នៅចុងឆ្នាំ២០២៣។ ដែលជំហានទី២នេះ មានលទ្ធភាពអានផលិតទឹកស្អាតបានចំនួន១៥៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ហើយនឹងចំណាយទឹកប្រាក់សរុបចំនួន ១០១,០០០,០០០ ដុល្លារអាមេរិក៕