(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ ក្នុងអត្រា៤ភាគរយ ប៉ុន្តែត្រូវទាមទារឲ្យការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ធ្វើឡើក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត-បាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា តាមការវាយតម្លៃសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០ រំពឹងថាធ្លាក់ចុះត្រឹមតែ-១.៩ភាគរយប៉ុណ្ណោះ ប៉ុន្តែការវាយតម្លៃចុងក្រោយរបស់រាជរដ្ឋាភិបាល គឺធ្លាក់ចុះដល់ -៣.១ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងរំពឹងថាសេដ្ឋកិច្ចរបស់យើងនៅឆ្នាំ២០២១នេះ នឹងមានកំណើន៤ភាគរយត្រឡប់មកវិញ ប៉ុន្តែយើងត្រូវប្រឹងរួមគ្នា ដើម្បីទប់ស្កាត់កូវីដ១៩ឲ្យបាន»។
ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងអំពីចំណូលគយ និងពន្ធដារ នៅខែមករា ឆ្នាំ២០២១ថា សម្រេចបានក្នុងទឹកប្រាក់ជាង៤០០លានដុល្លារអាមេរិក។
សូមជម្រាបថា ដូចគ្នានឹងរាជរដ្ឋាភិបាលកម្ពុជាដែរ ស្ថាប័នអន្តរជាតិល្បីៗបានសម្លឹងឃើញពីការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២១នេះផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% ប៉ុន្តែធនាគារនេះអះអាងថា កំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។
សម្រាប់ធនាគារពិភពលោក (World Bank) វិញបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងរួញ-២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់ បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១៕