Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាហ្វេ្រសញូ៖ ក្រុមហ៊ុន គា ធី នាំទំនិញពីថៃសង្ស័យបង់ពន្ធមិនគ្រប់ ទើបលក់ថោក ធ្វើឲ្យប៉ះពាល់ក្រុមហ៊ុនបង់ពន្ធគ្រប់

23-02-2017 18:32

(ភ្នំពេញ)៖ មានអ្នករកស៊ីនាំទំនិញពីប្រទេសថៃជាច្រើន ជាពិសេសទំនិញប្រភេទចាប់ហួយ បានសម្ដែងការងឿងឆ្ងល់ចំពោះក្រុមហ៊ុន រកស៊ីដូចគ្នាមួយឈ្មោះ គា ធី ថាអាចនាំទំនិញបង់ពន្ធមិនគ្រប់ យកមកលក់ចែកចាយនៅក្នុងទីក្រុង និងខេត្តមួយចំនួនទៀត ទើបបានជាលក់ក្នុងតម្លៃថោកជាង ធ្វើឲ្យក្រុមហ៊ុនរកស៊ីរបស់ពួកគេដែលនាំចូលបង់ពន្ធគ្រប់ ពិបាកក្នុងការប្រកួតប្រជែងទីផ្សារ។

ក្រុមអ្នករកស៊ីបានលើកឡើងថា ពួកខ្លួនមិនហ៊ានចោទប្រកាន់ថា ក្រុមហ៊ុន គា ធី រកស៊ីនាំចូលទំនិញពីប្រទេសថៃ ជាពិសេសទំនិញប្រភេទចាប់ ហួយបង់ពន្ធមិនគ្រប់នោះទេ គឺពួកខ្លួនគ្រាន់តែមានការងឿងឆ្ងល់ថា ទំនិញនាំចូលពីប្រភពប្រទេសតែមួយ បង់ពន្ធជូនរដ្ឋដូចគ្នា ហេតុអ្វីបាន ជាក្រុមហ៊ុន គា ធី លក់ក្នុងតម្លៃថោកជាង ដែលតាមការបូកដកគុណចែកទៅ គឺមិនអាចចំណេញឡើយ តែបែរជាក្រុមហ៊ុន គា ធី លក់ថោកបាន។

អ្នករកស៊ីបានលួចបង្ហើបថា ក្រុមហ៊ុន គា ធី នេះដើមឡើយគ្រាន់តែជាឈ្មួញតូចតាចធម្មតា មានដេប៉ូស្តុកទំនិញប្រភេទចាប់ហួយ ហើយទិញទំនិញតពីឈ្មួញផ្សេងៗនាំចូលមក ដើម្បីធ្វើការលក់ចែកចាយទៅឲ្យអ្នកលក់រាយតែប៉ុណ្ណោះ។ ប៉ុន្តែមួយឆ្នាំពីរនេះ ដោយសារខ្លួន (ក្រុមហ៊ុន គា ធី) រកលោកផ្កាយ៣ម្នាក់ ធ្វើជាខ្នងបង្អែកបាន ក៏ចាប់ផ្ដើមបើកក្រុមហ៊ុននាំចូលទំនិញពីប្រទេសថៃដោយខ្លួនឯង ដោយមានរថយន្តប្រភេទ ៣-៥តោន ដឹកនាំចូលពីតាមមាត់ច្រកខេត្តកោះកុង យកមកស្តុកទុកនៅឃ្លាំងក្នុងទឹកដីខេត្តកំពង់ស្ពឺ និងមានឃ្លាំងដ៏ធំមួយទៀតនៅស្ទឹងមានជ័យ ដើម្បីធ្វើការលក់ចែកចាយទៅឲ្យដេប៉ូលក់ដុំ-លក់រាយ នានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចមួយចំនួន ដែលឈរជើងនៅតាមផ្លូវជាតិលេខ៤ បានលួចបង្ហើបឲ្យដឹងថា ក្នុងមួយខែៗក្រុមហ៊ុន គា ធី ធ្វើការនាំចូលទំនិញប្រភេទចាប់ហួយ ដែលភាគច្រើនជាប់អត្រាពន្ធខ្ពស់ពី ៥០០-៦០០រថយន្ត ជាប្រភេទរថយន្ត ៣-៥តោន ដោយទំនិញនាំចូលភាគច្រើនបង់ពន្ធតែ ២០ភាគរយប៉ុណ្ណោះ។ ទំនងដោយសារការនាំចូលទំនិញបង់ពន្ធតិចតួចបែបនេះហើយ ទើបបានជាក្រុមហ៊ុននេះលក់ក្នុងតម្លៃថោក ធ្វើឲ្យក្រុមហ៊ុនផ្សេងៗស្ទើរមិនអាចប្រកួតប្រជែងបាន។

ទាំង Fresh News ទាំងក្រុមហ៊ុនដែលរកស៊ីនាំទំនិញប្រភេទចាប់ហួយពីប្រទេសថៃ មិនហ៊ានធ្វើការចោទប្រកាន់ថា ក្រុមហ៊ុន គា ធី រកស៊ីនាំទំនិញចូលពីប្រទេសថៃបង់ពន្ធតិចតួច ដោយសារមានលោកផ្កាយ៣ មានឥទ្ធិពលឈរកាងពីក្រោយខ្នងនោះទេ គ្រាន់តែគេឆ្ងល់ថា បើទំនិញដូចគ្នានាំចូលពីប្រភពប្រទេសតែមួយ បង់ពន្ធដូចគ្នា ហេតុអ្វីគេលក់ថោកជាងហើយចំណេញ យើងលក់ថោកមិនចំណេញ! ដូចនេះមានតែទំនិញគេចពន្ធ!។

ពាក់ព័ន្ធករណីនេះ ដើម្បីរកស៊ីតាមការប្រកួតប្រជែងស្មោះត្រង់ មន្ត្រីជំនាញគយ ជាពិសេសអគ្គនាយកគយ គួរធ្វើការត្រួតពិនិត្យទំនិញរបស់ក្រុមហ៊ុន គា ធី ផង តើពិតជានាំចូលបង់ពន្ធគ្រប់ចំនួនពិតមែន ឬអត់? ព្រោះតាមការលេចឮ ក្រុមហ៊ុននេះសង្ស័យបង់ពន្ធមិនគ្រប់នោះទេ ព្រោះគយ និងនគរបាលសេដ្ឋកិច្ចនៅតាមដងផ្លូវថា មិនសូវហ៊ានប៉ះចំពោះទំនិញដែលនាំចូលដោយក្រុមហ៊ុន គា ធី នោះទេ ខ្លាចរលាក.!៕