(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានណែនាំទៅកាន់ប្រធានអង្គភាព ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់សន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកជាដើម ដើម្បីកាត់បន្ថយការចំណាយ និងរក្សាថាមពលឲ្យប្រើប្រាស់នៅកន្លែងផ្សេងៗបានច្រើន។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ក្រសួង ស្ថាប័នរដ្ឋ មិនគួរគម្បីបើកម៉ាស៉ីនត្រជាក់ខ្លាំងពេកនោះ ពោលប្រសិនបើកខ្លាំងថាមពលអគ្គិសនីក៏អស់ច្រើនដែរ ហើយពេលចេញក្រៅ ឬមិនចាំបាច់ត្រូវបិទភ្លើងដូចគ្នាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះយើងគម្បីសន្សំសំចៃទៅលើការប្រើប្រាស់ទាំងអគ្គិសនីក្ដី ទាំងទឹកក្ដី កុំខ្ចះខ្ចាយ កុំមើលស្រាល មិនថាគ្រួសារទេ ពិសេសស្ថាប័នរដ្ឋត្រូវតែប្រយ័ត្នប្រយែងទៅលើការប្រើប្រាស់អគ្គិសនី [...] ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើងបាន កុំបើកម៉ាស៉ីនត្រជាក់ខ្លាំងពេក ហើយពេលចេញពីធ្វើការត្រូវបិទម៉ាស៉ីនត្រជាក់ និងបិទភ្លើង»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីក្រសួងមួយចំនួន ដែលប្រើប្រាស់សូឡាដោយយកពន្លឺព្រះអាទិត្យ បំលែងទៅជាថាមពលអគ្គិសនី រួមមាន ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត (កំពុងដំណើរការសាងសង់។ សម្ដេចតេជោថា ការនេះគឺជារឿងល្អ ដើម្បីកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី។
គួរជម្រាបថា បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក នៅក្នុងរាជធានីភ្នំពេញ គឺមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការពង្រីក និងបង្កើនលទ្ធភាពក្នុងការផលិតថាមពលអគ្គិសនី និងចម្រុះទឹកស្អាតដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការប្រចាំថ្ងៃផងដែរ។
ប៉ុន្ដែទំហំនៃការផលិត និងតម្រូវការ គឺមិនទាន់សមស្របនៅឡើយទេ ពោលសម្រាប់រដូវវស្សា មិនមែនជាបញ្ហាចោទនោះទេ តែនៅរដូវប្រាំង គឺជួបនូវការខ្វះខាតទាំងទឹក និងអគ្គិសនី ពិសេសសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ផ្ទាល់តែម្ដង ដែលទាមទារឲ្យប្រជាពលរដ្ឋមានការយោគយល់ និងសន្សំសំចៃក្នុងការប្រើប្រាស់។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាលដែលរាជធានីភ្នំពេញ ប្រើប្រាស់ថាមពលអគ្គិសនី និងទឹកស្អាត មានការខ្វះខាតដោយអន្លើរ ព្រោះតែផ្ទះដីរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នមានទំហំធំជាងមុន ពោលពីមុនត្រឹម៣០០គីឡូម៉ែត្រការ៉េ តែឥលូវរហូតដល់ជាង៧០០គីឡូម៉ែត្រការ៉េ។
សម្ដេច តេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា កន្លងទៅមានការវាយតម្លៃខុស លើការរីកចម្រើនរបស់កម្ពុជា ដោយគេសន្និដ្ឋានថា អគ្គិសនី កើតឡើងតែ១២ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែជាក់ស្ដែងអគ្គិសនីនៅរាជធានីភ្នំពេញកើនដល់ជាង៤០ភាគរយក្នុងមួយឆ្នាំ។ នៅសម័យក្រោយរំដោះរាជធានីភ្នំពេញ ប្រើអគ្គិសនី ត្រឹម៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើដល់រាប់ពាន់មេហ្គាវ៉ាត់ឯណោះ៕