(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដែលក្នុងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «យើងត្រូវត្រៀមបម្រុង២០លានដូស ដែលពីមុនត្រូវការដល់២៦លានសម្រាប់មនុស្ស១៣លាននាក់ ប៉ុន្តែឥឡូវនេះដោយយើងកាត់បន្ថយពី៨០ភាគរយ ដែលឥឡូវអត្រានេះមកនៅត្រឹ៦០-៧០ភាគរយ យើងត្រូវការត្រឹម២០លានដូស គឺត្រូវការចាក់១០លាននាក់ ឥឡូវក្រុមការងារវ៉ាក់សាំងកំពុងពិនិត្យ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសរបស់ចិន ៦០ម៉ឺនដូស នឹងមកដល់នៅក្នុងខែកុម្ភៈនេះ ហើយនឹងបន្តមកដល់កម្ពុជាបន្តបន្ទាប់ទៀត។ ក្រៅពីនោះមានជំនួយពីខូវ៉ាក់ (COVAX) និងប្រទេសមួយចំនួនទៀតដែលកម្ពុជាកំពុងស្នើសុំ និងបញ្ជាទិញ។
សម្តេចបញ្ជាក់ថា៖ «ជើងទី១ នឹងមកដល់៦០ម៉ឺនដូស បន្ទាប់ទៅនឹងបំពេញបន្ថែម។ បន្ទាប់ទៅយើងនឹងទទួលពីខូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស បន្ថែមលើនេះយើងទិញតាមរយៈខូវ៉ាក់ ចំនួន១លានដូសទៀត អញ្ចឹងយើងបាន៩លានដូសហើយ ពិតមែនតែមិនទាន់ដល់ដៃ តែគម្រោងរបស់យើងមាន»។
សម្តេចបន្ថែមថា៖ «យើងនឹងទទួលពីអូស្រ្តាលីចំនួន៣លានដូស ដែលអូស្រ្តាលី សម្រេចផ្តល់ផ្តល់ថវិកាចំនួន២៨លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់រយៈពេល ២០២០-២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបានវ៉ាក់សាំងកូវីដ១៩តំបន់ ដែលកញ្ចប់ដំបូងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំ២០២១»។ សម្តេចបញ្ជាក់ទៀតថា ជំនួយឥតសំណងនេះ នឹងជួយឱ្យកម្ពុជាទទួលបានវ៉ាក់សាំងដែលប៉ាន់ស្មានសម្រាប់មនុស្ស១.៥លាននាក់ ដែលស្មើនឹង៣លានដូស។
ការផ្តល់ជំនួយរបស់ចិន ខូវ៉ាក់ និងអូស្រ្តាលី បានធ្វើឱ្យកម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩សរុបចំនួន១១លានដូស ដោយកម្ពុជា នៅខ្វះ៩លានដូសទៀត ដើម្បីបានគ្រប់ចំនួន២០លានដូស។ សម្រាប់វ៉ាក់សាំង៩លានផ្សេងទៀតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងបន្តស្នើសុំជំនួយ និងទិញពីប្រទេសចិនបន្ថែម ដោយសម្តេចបានសរសេរលិខិតទៅ នាយករដ្ឋមន្រ្តីចិន រួចរាល់ហើយ ដើម្បីស្នើសុំវ៉ាក់សាំងបន្ថែមនេះ។ សម្តេចក៏បានសរសេរលិខិតទៅនាយករដ្ឋមន្រ្តីឥណ្ឌាថែមទៀត។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ពីគម្រោងទិញនូវវ៉ាក់សាំងរបស់អង់គ្លេស (AstraZeneca)។ សម្តេចលើកឡើងថា បើសិនជាវ៉ាក់សាំង AstraZeneca ស្ថិតក្នុងតម្លៃត្រឹម៤-៥ដុល្លារបច្ចុប្បន្ននេះ កម្ពុជានឹងអាចមានលទ្ធភាពក្នុងការទិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសម្បុរសជននានា ដែលមានទឹកប្រាក់សរុប៥៧លានដុល្លារនោះ នឹងអាចគ្រប់គ្រាន់សម្រាប់ការទិញវ៉ាក់សាំង។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោក៏បានស្នើសុំជំនួយតាមរយៈអគ្គរដ្ឋទូតអឺរ៉ុប ឱ្យសហភាពអឺរ់ុបជួយផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ដែលក្នុងនោះមិនមានអ្នកជំងឺណាម្នាក់បានស្លាប់ដោយសារកូវីដ១៩ឡើយ។ ក្នុងចំណោមនោះ មានអ្នកជំងឺជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕