(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវប្រជាពលរដ្ឋ បន្តការការពារការចម្លងពីវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល និងមកក្រុមគ្រួសារ ជាពិសេសកុំភ្លេចអនុវត្តន៍វិធានការ «៣កុំ» និង «៣ការពារ» ដោយត្រូវពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីរក្សាបាននូវសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ជិតចូលដល់ឆ្នាំចិនហើយ នៅស្រុកខ្មែរនេះចូលឆ្នាំចិន-វៀតណាម មានខ្មែរយើងធ្លាប់និយាយថាចូលឆ្នាំចិន ស្រវឹងខ្មែរ រឿងនេះជារឿងពិត ខ្មែរយើងមិនដឹងមកពីខាងណាទេដាក់ហើយ សុទ្ធតែសែនព្រេនអីនឹងគេដែរ ចូលឆ្នាំចិនពិតជាស្រវឹងខ្មែរ ចឹងខ្ញុំសុំថាសប្បាយអី ក៏សប្បាយចុះ ប៉ុន្តែកុំភ្លេចអា «៣កាពារ»នេះ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព ធ្វើចឹង អានឹងជាសមយុទ្ធនៃការរៀបចំ ការងារនៅធ្វើបានក៏ប៉ុន្តែយើងរក្សាបាននូវសុវត្ថិភាព សម្រាប់ទាំងអស់គ្នា»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចសុខចិត្តធ្វើជាមនុស្សចុះចាញ់ដើម្បីឈ្នះជំងឺកូវីដ១៩ ហើយវិធីដែលល្អជាងគេនោះគឺធ្វើជាអ្នកខ្លាច តែមិនមែន បាត់បង់នូវម្ចាស់ការ ហើយស្លន់ស្លោរនោះទេ តែយ៉ាងណាត្រូវខ្លាច ព្រោះជំងឺកូវីដ១៩នេះ មិនដឹងនៅទីណាឱ្យពិតប្រាកដនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា សង្គ្រាមយោធា គេអាចដឹងថាវាមកទិសខាងណា កាំភ្លើងធំបាញ់មកពីទិសណា គេអាចដឹងនឹងអាចការពារបាន ប៉ុន្តែ ជំងឺកូវីដ១៩នេះ គឺមិនអាចដឹងថាវានៅកន្លែងណាឱ្យពិតប្រាកដនោះទេ ដូចនេះហើយមានតែបន្តការគ្រប់គ្រង និងបន្តវិធានការ «៣កុំ» និង «៣ការពារ» ដើម្បីរក្សាបាននូវ សុវត្ថិភាពសម្រាប់ទាំងអស់គ្នា។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ដែលក្នុងនោះមិនមានអ្នកជំងឺណា ម្នាក់បានស្លាប់ដោយសារកូវីដ១៩ឡើយ។ ក្នុងចំណោមនោះមានអ្នកជំងឺជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕