(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងពីការវិវត្តន៍ទៅមុខ នៃឧស្សាហកម្មប្រេងកាតនៅកម្ពុជា ដោយបញ្ជាក់ថា ការបូមប្រេងពីក្នុងប្លុក A តំបន់អប្សរា កំពុងដំណើរការយ៉ាងរលូត ឈានដល់ការបូមប្រេងចេញអណ្តូងទី២ ខណៈអណ្តូងប្រេងចំនួន៣ទៀត នឹងដំណើរការជាបន្តបន្ទាប់។
អណ្តូងប្រេងកាតទាំង៥ ក្នុងតំបន់អប្សរារំពឹងថា នឹងដំណើរការក្នុងឆ្នាំ២០២១នេះ ហើយត្រូវបានវាយតម្លៃថា ទទួលបានបរិមាណជាង៧ពាន់បារ៉ែល ក្នុង១ថ្ងៃ ដែលចំនួននេះ សម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា ជាបរិមាណតិចតួចនៅឡើយ។ ទោះបីបរិមាណនេះតិចតួចក្តី តែសម្តេចតេជោ លើកឡើងថា ជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ធ្វើឡើក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អណ្តូងទី១ ដំណើរការបានរយៈពេល៣៣ថ្ងៃមកហើយ ដោយផលិតបាន១ ២៣៦បារ៉ែលក្នុង១ថ្ងៃ សរុបរយៈពេល៣៣ថ្ងៃ ផលិតបាន៤០ ៧៨៨បារ៉ែល។ ចំណែកអណ្តូងទី២ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងដំណាក់កាលញែកផុក និងប្រេង។
សម្តេចតេជោបញ្ជាក់ថា សរុបមកដល់ពេលនេះ កម្ពុជាទើបតែទទួលបានប្រេងឆៅ ចំនួន៤ ១៥៦បារ៉ែលប៉ុណ្ណោះ នៅសល់អណ្តូងទី៣, ទី៤ និងទី៥ នឹងត្រូវបន្តដំណើរការខួង និងបូមប្រេងជាបន្តបន្ទាប់ទៀត ក្នុងឆ្នាំ២០២១នេះ ដែលតាមការប៉ាន់ស្មានកម្ពុជានឹងទទួលបានប្រេងក្នុង១ថ្ងៃ ប្រមាណ៧០០០ ទៅ៧៥០០បារ៉ែលប៉ុណ្ណោះ ដែលមានទំហំតូចនៅឡើយ មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើទោះបីជាការបូមប្រេងរបស់កម្ពុជា ស្ថិតកម្រិតតិចតូច មិនទាន់ជះឥទ្ធិពលលើផ្នែកសេដ្ឋកិច្ចក្តី ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា យើងនឹងបន្តជាមួយក្រុមវិនិយោគដទៃទៀត»។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «តាមការវាយតម្លៃរបស់ឯកឧត្តម ស៊ុយ សែម បើតម្លៃប្រេងស្ថិតក្នុងតម្លៃ៥៥ដុល្លារក្នុង១បារ៉ែល ចំណូលរបស់យើងក្នុង១ឆ្នាំ បានមិនដល់៣០លានដុល្លារទេ អីចឹងវាមិនបានស្មើនឹងចំណូលមិនមែនសារពើពន្ធ ទៅលើទិដ្ឋការនៃទេសចរ១លាននាក់ផង អីចឹងមិនទាន់ពឹងផ្អែកទៅលើប្រេងបានទេ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគម្រោងបង្កើតរោងចម្រផលិតប្រេងផងដែរថា កម្ពុជាបានឲ្យអនុម័តឲ្យមានក្រុមហ៊ុនវិនិយោគផងដែរ ប៉ុន្តែមិនទាន់មានដំណើរការទៅមុខរួច។ ដូច្នេះប្រេងកាតរបស់កម្ពុជា ដែលបូមបានត្រូវក្រុមហ៊ុនវិនិយោគ នាំចេញទៅធ្វើការចម្រាញ់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា បើកម្ពុជាមានការចម្រាញ់ប្រេងក្នុងស្រុក កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើន ដែលបញ្ហាកម្ពុជាត្រូវតែគិតគូរ ជំរុញឲ្យមានការវិនិយោគ ដើម្បីទាញយកផលចំណេញ ឲ្យបានច្រើនថែមទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងអំពីដំណឹងដ៏រីករាយ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជាទាំង គឺដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានដំណើរការបូមបានដោយជោគជ័យ។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងច្បាស់ៗថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។ ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។
កម្ពុជាបែងចែកប្លុក ស្វែងរុករកប្រេងកាតជាចំនួន២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ ក្នុងនោះដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ៕