(កំពត)៖ ក្រោមកិច្ចសហការ រវាងក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីលោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពី តំណាងមន្ទីរកិច្ចការនារីរាជធានី-ខេត្តចំនួន១១ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធសរុប ចំនួន ៤០នាក់។
គោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី រួមគ្នាទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍យើង។
លោកស្រី យស់ សាគុណ អភិបាលរងខេត្តកំពត បានលើកឡើងថា គ្រឿងញៀនជាមូលហេតុមួយដែលជំរុញ និងបង្កឱ្យមានបទល្មើសផ្សេងៗកើតមានឡើង ដែលពាក់ព័ន្ធបញ្ហានេះខេត្តបានបន្តរួមចំណែកជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ជាបណ្តើរៗនូវការប្រើប្រាស់និងចែកចាយគ្រឿងញៀន អនុវត្តឱ្យខ្ជាប់ខ្ជួននូវទិសស្លោក ប្រឆាំងគ្រឿងញៀន «៣កុំ ១រាយការណ៍»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសរសើរក្រសួងកិច្ចការនារីជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ហេីយការចូលរួមសកម្មភាពនាពេលនេះមានសារសំខាន់ណាស់ស្របពេល ដែលស្ថានភាពគ្រឿងញៀននៅកម្ពុជា បានរីករាលដាលដល់ទីជនបទមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទូទៅក្នុងនោះមានយុវនារី ដែលតម្រូវឱ្យយេីងត្រូវតែរួមគ្នាដោះស្រាយ។
ក្នុងឱកាសនោះ លោកស្រី ហ៊ូ សាមិត្ត បានឱ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានចុះពិនិត្យស្ថានភាពស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត ដោយបានពិនិត្យរកឃើញថាស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជាជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន។លើសពីនេះទៅទៀតបញ្ហាគ្រឿង គឺពិតជាប៉ះពាល់មិនត្រឹម តែស្រ្តីនោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេ និងសង្គមទាំងមូលតែម្តង។
លោកស្រី ហ៊ូ សាមិត្ត បានថ្លែងបន្ថែមថា គ្រឿងញៀន ក៏ជាកត្តារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហិង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀតផងដែរ នេះបើផ្អែកតាមការ ចុះប្រមូលទិន្នន័យតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ក្នុងគោលបំណងរៀបចំផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១៕