(កំពង់ចាម)៖ ដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំនូវអំណោយរបស់លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត គិតជាថវិកាប្រមាណ ៥,០០០ដុល្លារអាមេរិក រួមទាំងថ្នាំពេទ្យមួយចំនួន កុំព្យូទ័រ ១គ្រឿង ផ្តល់ជូនប្រមាណ ៦៨០គ្រួសារ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ការប្រគល់អំណោយទាំងនេះធ្វើឡើងនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងមូលដ្ឋានខាងលើ។
លោក ប៊ុន វុត្ថា អគ្គនាយក S- AUTO បានលើកឡើងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាចបានថ្លែងអំណរគុណ និងសូមចងចាំទុកជាប្រវត្តសាស្រ្តចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែប្រវែង ៧គីឡូម៉ែត្រ និងទទឹង៧ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។
ឧកញ៉ា អែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន K E P តំណាងក្រុមការងារចុះជួយឃុំទងត្រឡាច បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃ ទៅថ្ងៃធ្វើឱ្យមានសមិទ្ធផលជាច្រើនបានកើតឡើង ដូចជា ផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ។
ឧកញ៉ា ឡូវ ហ៊ឹង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ទាំងអស់ នៅតាមមូលដ្ឋាន ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកបានបន្ថែមទៀតថា តាមរយៈការចារិតទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។
អំណោយរបស់លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត បានផ្តល់ថវិកាជូន ៦៨០ គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានថវិកា ១ ម៉ឺនរៀល និងថ្នាំពេទ្យ ៣កញ្ចប់តូច និងឧបត្ថម្ភកុំព្យូទ័រ ១គ្រឿង ដល់សាលាឃុំទងត្រឡាច ឧបត្ថម្ភស៊ីម៉ង់ ១០ តោនក្នុងការចាក់សាប ឧបត្ថម្ភថវិកាកិច្ចការនារីឃុំ ឧបត្ថម្ភក្រុមគ្រួសារមានជំងឺ និងចងដៃគ្រួសារដែលបានរៀបអាពាណ៍ពិពាហ៍ ក្នុងនោះតាមរយៈក្រុមការងារលោក ប៉ា សុជាតិវង្ស បានឧបត្ថម្ភម៉ូតូ១ គ្រឿងដល់សមាជិកឃុំ សម្រាប់បម្រើការងាររដ្ឋបាលផ្សេងៗ សប្បុរសជនដែលបានចូលរួមមាន លោកឧកញ៉ា ជា លាងហុង និងលោកស្រី បានចូលរួមថវិកា ២,០០០ ដុល្លារ លោកឧកញ៉ា អែល សារ៉ុម និងលោកស្រី បានចូលរួមថវិកា ១,៦៥០ ដុល្លារ និងលោកអគ្គនាយក ប៊ុន វុត្ថា និងលោកស្រី បានចូលរួមថវិកា ៦៥០ ដុល្លារ៕