(ពោធិ៍សាត់)៖ សពក្មេងស្រីអាយុប្រហែល៦ឆ្នាំ ត្រូវបានគេប្រទះឃើញអណ្តែតទឹក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចស្រះអ្នកភូមិក្នុងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈដែលឪពុកម្តាយបានបាត់កូនស្រីតាំងពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២១ ខែកុម្ភៈ។
លោក នី សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា សពក្មេងស្រីដែលគេប្រទះឃើញ រួមនិងកង់នោះមានឈ្មោះ សោម បញ្ញា អាយុ៦ឆ្នាំ មានឪពុកឈ្មោះ នី និងម្តាយឈ្មោះ ចន្ថា រស់នៅ ភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ បើតាមឪពុកម្តាយកុមារីរងគ្រោះបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គាត់បានបាត់កូនស្រី តាំងពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦មកម្ល៉េះ។ កូនរបស់ខ្លួនជាញឹកញយតែងតែជិះកង់ដើរលេងនៅក្បែរភូមិ។ ឪពុកម្តាយកុមារីរងគ្រោះបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្រាប់តែអ្នកភូមិបានមកប្រាប់ថា កូនរបស់ខ្លួន លង់ទឹកស្លាប់បាត់ទៅហើយ។ មន្ត្រីប៉ុស្តិ៍នគរបាលមូលដ្ឋានបានឲ្យដឹងដែរថា សពក្មេងស្រីដែលលង់ទឹកស្លាប់នេះ គឺបណ្តាលមកពីក្មេងស្រីនេះជិះកង់ដើរលេងលើផ្លូវក្បែរស្រះទឹក ហើយធ្លាក់ចូលក្នុងស្រះដោយគ្មាននរណាដឹង ថែមទាំងមិនចេះហែលទឹកទៀត ។
បច្ចុប្បន្នសពកុមារី ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕