(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណ និងកោតសរសើរដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣១ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ការចូលរួមបានយ៉ាងខ្ជប់ខ្ជួននាពេលកន្លងទៅ រហូតមកដល់ពេលនេះ របស់ភ្នាក់ងារសន្ដិសុខឯកជន គឺតាមរយៈការវាស់កម្ដៅ បាញ់អាល់កុលសម្លាប់មេរោគ មុនអនុញ្ញាតឲ្យអតិថិជន ចូលទៅកាន់ទីកន្លែងផ្សេងៗ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា វិស័យសន្ដិសុខឯកជន មានការរីកចម្រើនយ៉ាងខ្លាំងស្របតាមប្រទេសជាតិ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយវិស័យនេះ បានចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នា ប់ សុវត្ថិភាព សង្គមជាតិយ៉ាងផុលផុស ដែលទាមទារឲ្យ វិស័យសន្តិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
បើតាមលោកឧត្ដមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។
លោកបញ្ជាក់ថា នេះជាលើកទី៣១ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជន បម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ ដោយយោងតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ក្នុងការគ្រប់គ្រង និងកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្តល់បទពិសោធន៍បច្ចេកទេស ដែនកំណត់ភារៈកិច្ចទទួលខុសត្រូវ កិច្ចសហការផ្តល់កម្លាំងជំនួយ រវាងសន្តិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារ ដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ , វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ កិច្ចសហការការពារ កន្លែងកើតហេតុ និងរបៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ លើការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញ និងកែសម្រួលនូវគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព៕