(ភ្នំពេញ)៖ លោក នី ចរិយា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ (គ.ជ.ប) ដែលជាបេក្ខភាពជ្រើសមកពីសមាគមការពារសិទ្ធិមនុស្ស បានថ្លែងថា គេមិនអាចធ្វើឲ្យស្ថាប័ន គ.ជ.ប សុក្រឹត្យ ១០០ភាគរយនោះឡើយ តែអ្វីដែលសំខាន់ គឺត្រូវធ្វើឲ្យស្ថាប័នមួយនេះអាចទទួលយកបានពីគ្រប់បក្សនយោបាយ និងអ្នកបោះឆ្នោត។
លោក នី ចរិយា ធ្លាប់បានរិះគន់ខ្លាំងទៅលើសុក្រឹតភាព នៃស្ថាប័នបោះឆ្នោត កាលពីរូបលោក នៅជាមន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស។ ក្រោយក្លាយជាអគ្គលេខាធិការរងរបស់ គ.ជ.ប លោក នី ចរិយា បានទម្លាក់ចោលរាល់ការរិះគន់ និងសន្យាប្រឹងប្រែងជួយកែប្រែស្ថាប័នមួយនេះ ឲ្យមានជំនឿចិត្តដល់ម្ចាស់ឆ្នោត និងអាចទទួលបានពីគ្រប់ភាគីនយោបាយ។
លោក នី ចរិយា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «រិះគន់ពីមុនមក វាជារឿងពីមុន ប៉ុន្តែអ្វី ដែលយើងខិតខំប្រឹង គឺខិតខំធ្វើយ៉ាងម៉េចឲ្យប្រជាជនលោកមានជំនឿមកលើស្ថាប័បោះឆ្នោតឡើងវិញ។ នេះជាវត្ថុបំណងរបស់យើង យើងមានបទដ្ឋានគតិយុត្តជាច្រើន ដែលរដ្ឋសភាបានអនុម័ត ដែល គ.ជ.ប បានអនុម័ត ចឹងធ្វើយ៉ាងម៉េចឲ្យ អនុវត្តបានទៅតាមអ្វី ដែលមានចែងនៅក្នុងច្បាប់ ក្នុងបទបញ្ជាទៅអាចធ្វើឲ្យប្រជាជនមានជំនឿចិត្ត។ កាលណាប្រជាជនមានជំនឿលើស្ថាប័ន គ.ជ.ប អ្នកពាក់ព័ន្ធទាំងអស់មានជំនឿមកលើស្ថាប័ន គ.ជ.ប ចឹងការប្រព្រឹត្តទៅនៃការបោះឆ្នោតប្រាកដ ជាមានការទទួលយកបានទាំងអស់គ្នា»។
ឆ្លើយតបសំណួរថា តើអាចនឹងមានការរំពឹង ធ្វើឲ្យស្ថាប័ន គ.ជ.ប មានសុក្រឹតកម្រិតណានោះ? លោក ទេព នីថា បានបញ្ជាក់ថា «វាមិនអាចសុក្រឹត ១០០ភាគរយទេ គ្មានកន្លែងណាមួយ ដែលគេអាចធ្វើបានសុក្រឹត ១០០ភាគទេ ប៉ុន្តែសំខាន់ភាគីទាំងអស់ទទួល យកបានទាំងអស់គ្នាទៅលើលទ្ធផល នៃការបោះឆ្នោត»។
ជាមួយការទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប ទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើឲ្យលោក នី ចរិយា រំភើប និងសប្បាយរីករាយ ហើយលោក ក៏បានសន្យាធ្វើឲ្យបានទៅតាមអ្វី ដែលជាបទបញ្ជា ជានីតិវិធី និង ផ្លូវច្បាប់របស់រដ្ឋសភា ដែលបានអនុម័ត ព្រមទាំងនីតិវិធី និង បទដ្ឋានគតិយុត ដែល គ.ជ.ប បានអនុម័តផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៥រូប រួមនិងប្រធាន អនុប្រធាន នាយកដ្ឋាន លេខាធិការដ្ឋាន ការិយាល័យ និង លេខាធិការដ្ឋានរាជធានី ខេត្ត គ.ជ.ប ៣៥៧នាក់ទៀត ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។ នៅព្រឹកមិញនេះ មន្រ្តីរបស់ គ.ជ.ប ទាំងអស់ ក៏ត្រូវបានផ្ទេរចូលជាក្របខណ្ឌមន្រ្តីរាជការផងដែរ។
សូមរំលឹកផងដែរថា គ.ជ.ប អាណត្តិថ្មី បានសម្រេចជ្រើសតាំង លោក ទេព នីថា ជាអគ្គលេខាធិការ ហើយលោក ម៉ៅ សុភារិទ្ធ, លោក សោម សូរីដា, លោក នី ចរិយា និង លោក ម៉ុក ដារ៉ា ជាអគ្គលេខាធិការរង៕