(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបន្តផ្តល់ជំនួយថវិកាចំនួន២៥០លានរៀលទៀត ដល់ខេត្តបន្ទាយមានជ័យ និងកោះកុង ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាម លោកស្រី យក់ សម្បត្តិ, ក្នុងចំណោមជំនួយថវិកា២៥០លានរៀលនេះ ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល ដោយសារតែខេត្តនេះ នៅសល់ថវិកាដោះស្រាយត្រឹមតែ១៦លានរៀលប៉ុណ្ណោះ។ ចំណែកខេត្តកោះកុង ទទួលបានថវិកាចំនួន៥០លានរៀល។ ថវិកាទាំងនេះ ត្រូវបានក្រសួងសុខាភិបាល ចាត់ចែងផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំងពីរភ្លាមៗផងដែរ។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជាង២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕