(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ មូលនិធិ ហោ ណាំហុង-បូរី ហោ បរិច្ចាគចំនួន១ម៉ឺនដុល្លារ ដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សូមរំលឹកថា កន្លងមកមូលនិធិនេះ បានចូលរួមចំនួន១ម៉ឺនដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ហើយលោក ហោ ណាំហុង ក៏បានបរិច្ចាគបៀវត្សចំនួន០៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្ត ជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕