(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។
ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លេចបំផ្លាញគ្មានសល់ដោយរបបប្រល័យពូជសាសន៍ ប៉ុលពតនោះ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រព័ន្ធទឹកស្អាតសម្រាប់ ប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ក៏គ្មានដែរ។ កុំថាឡើយប្រជាពលរដ្ឋទូទៅ សូម្បីថ្នាក់ដឹកនាំជាតិនាពេលនោះ ក៏ត្រូវចុះទៅដងទឹក និងដឹកទឹកពីទន្លេយកមកប្រើប្រាស់ដែរ។
ទឹកជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ រយៈពេលជាង៤០ឆ្នាំ ទន្ទឹមនឹងការប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនហើយនោះ រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងពង្រីកបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
បើទោះបីជាយ៉ាងណា ការផ្គត់ផ្គង់ទឹកនេះ ប្រឈមនឹងកំណើនតម្រូវការ នៃការប្រើប្រាស់ទឹកស្អាតយ៉ាងគំហុកចាប់តាំងពីដើមឆ្នាំ២០១០មក។ កំណើននេះ បានកើតឡើងដោយសារសកម្មភាពសាងសង់សំណង់អគារខ្ពស់ៗ ក៏ដូចជាប្រជាពលរដ្ឋមានការកើនឡើងជាដើម។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ឆ្លើតបបញ្ហានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនឡើងទ្វេដង ចាប់ពីឆ្នាំ២០១២ ដល់២០១៧ ក្នុងក្របខណ្ឌផែនការមេដំណាក់កាលទី២ ឆ្នាំ២០០៥ ដល់ឆ្នាំ២០២០។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកផ្ទៃសេវា របស់ខ្លួនឱ្យបាន១០០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំនូវផែនការមេដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០។
លោកបន្តថា នៅក្នុងផែនការមេដំណាក់កាលទី៣ នេះ បានកំណត់នូវកម្មវិធីវិនិយោគដ៏ធំ ដែលមានទំហំថវិកាប្រមាណជា ៥០០លានដុល្លារអាម៉េរិក ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន។
លោក ស៊ឹម ស៊ីថា បានឱ្យដឹងថា គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។
ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។
បើតាមលោក ស៊ឹម ស៊ីថា ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួល ក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០.០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។
ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមមានការបញ្ចុះប្រតិបត្តិការដោយស្វ័យប្រវត្តិ ដែលនាំឱ្យអង្គភាពរក្សានូវឧត្តមភាពរបស់ខ្លួន ជាអង្គភាពគំរូក្នុងតំបន់លើវិស័យផលិត និងចែកចាយទឹកស្អាតដូចគ្នាទៅនឹងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតដទៃៗទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងដំណើរការផលិតទឹកស្អាតនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ គុណភាពទឹកស្អាត អនុលោមតាមស្ដង់ដារអន្តរជាតិ អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិតក្រោម ១០% (កម្រិតនៃអត្រាទឹកបាត់បង់នេះ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស កំពុងអភិវឌ្ឍមួយចំនួនគឺទាបជាងគេ)។
ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបានកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តម្មទឹកស្អាត បាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃជាលក្ខណៈអន្តរជាតិនាឆ្នាំ២០១៩ ហើយនេះក៏ជាការអនុវត្តគម្រោង សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាលើកទី៣ របស់ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ ឱ្យ។
ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ (២០១៤-២០១៧) និងការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន (២០១៧-២០១៩)។ សរុបតម្លៃកិច្ចសន្យាសាងសង់ទាំងបីមានប្រមាណជា ២១០លានដុល្លារសហរដ្ឋអាម៉េរិក។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទានសម្បទានពីរដងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ការងារសាងសង់រោងចក្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន។
សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក។
សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក។
ចំពោះហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប (EU) នេះ សំដៅលើការពង្រីកបណ្ដាញទឹកស្អាតដល់សហគមន៍ប្រជាពលរដ្ឋចំណូលទាប ដែលរស់នៅតាមតំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ។
ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបានកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តម្មទឹកស្អាត បាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃជាលក្ខណៈអន្តរជាតិនាឆ្នាំ២០១៩ ហើយនេះក៏ជាការអនុវត្តគម្រោង សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាលើកទី៣ របស់ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ ឱ្យ។
ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ (២០១៤-២០១៧) និងការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន (២០១៧-២០១៩)។ សរុបតម្លៃកិច្ចសន្យាសាងសង់ទាំងបីមានប្រមាណជា ២១០លានដុល្លារសហរដ្ឋអាម៉េរិក។
ទន្ទឹមនឹងការវិនិយោគលើរោងចក្រប្រព្រឹត្តកម្មទឹកស្អាតហើយនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏នឹងពង្រីកបំពង់មេ និងបំពង់ចែកចាយទឹករបស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ លោក ស៊ឹម ស៊ីថា បានលើកឡើងថា គិតដល់ឆ្នាំ២០២៥ មានបំពង់មេនាំទឹកអង្កត់ផ្ចិតធំប្រវែងប្រមាណជា ១០០គីឡូម៉ែត្រ និងបំពង់ចែកចាយមានអង្កត់ផ្ចិតតូច ប្រវែងប្រមាណជា ១.០០០គីឡូម៉ែត្រ ត្រូវការថវិកាសម្រាប់វិនិយោគប្រមាណជា ១៧០លានដុល្លារអាម៉េរិក។ តាមរយៈការពង្រីកបណ្ដាញបំពង់នេះ ប្រជាពលរដ្ឋប្រមាណជា ១.០៤០.០០០នាក់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្ថែម៕