(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការទិញដូរ លក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ គឺជាទង្វើខុសច្បាប់ ហើយក្រសួងបរិស្ថាន បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីនេះ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើស។
ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ក្រោមការរៀបចំដោយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង។
លោក នេត្រ ភក្តា បានលើកឱ្យដឹងថា ជាការពិតយើងទទួលស្គាល់ថាពិតជាមានការលួចចូលទៅកាប់ឈើ មានការចូលទៅលូចបរបាញ់សត្វ និងដាក់អន្ទាក់ ប៉ុន្តែ បញ្ហាសំខាន់ដែលលុបបំបាត់បញ្ហាទាំងអស់នេះ គឺក្រសួងបរិស្ថាន ក៏បានគិតគូរទៅលើបញ្ហាកត្តាជីវភាព របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់សហគមន៍។ បច្ចុប្បន្ននេះ ប្រជាសហគមន៍ដែលរស់នៅជុំវិញ និងនៅក្នុងតំបន់ការពារធម្មជាតិ គាត់បានប្រើប្រាស់លើសកម្រិតនូវធនធានធម្មជាតិ ដែលមានដោយសារតែតម្រូវការផ្នែកទីផ្សារ ពួកគាត់បានចូលទៅដកទាញនូវអនុផលព្រៃឈើ ដែលហួសប្រមាណដោយមិនបានគិតអំពីនិរន្តរភាពនៃជីវៈចម្រុះនៅក្នុងតំបន់ការពារតំបន់ធម្មជាតិ ដូចជាការចូលទៅកាប់ឈើ បរបាញ់សត្វ ដែលបញ្ហាទាំងអស់នេះ ជាបញ្ហាមួយដែលធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយចំណុចដែលសំខាន់មួយទៀត គឺការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់តែម្តង បើសិនជាគេលួចកាប់ឈើតែមួយដើម វានៅសល់ព្រៃ យើងនៅសល់សត្វ ក៏ប៉ុន្តែ ជាករណីការកាប់ទន្ទ្រានកាន់កាប់ដីព្រៃ គឺពួកគាត់ត្រូវដុតកម្ទេចព្រៃ ចោលបំផ្លិចបំផ្លាញព្រៃចោល ដែលនេះជាចំណុចដែលយើងត្រូវការទប់ស្កាត់ […] អញ្ចឹងហើយនៅក្នុងកិច្ចការនេះ ជាគោលការណ៍ គឺក្រសួងបរិស្ថាន មិនទទួលស្គាល់នូវការទិញដូរ លក់ដីណានៅក្នុងតំបន់ការពារធម្មជាតិទេ ហើយការទិញដូរ លក់ដី នៅក្នុងតំបន់ការពារធម្មជាតិ គឺជារឿងខុសច្បាប់ ហើយក្រសួងបរិស្ថាន បានចាត់ទុកករណីនេះ ជាករណីអាទិភាពត្រូវការអនុវត្តច្បាប់ចំពោះបញ្ហានេះ»។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់នៅក្នុងខេត្តព្រះវិហារ មានសំណុំរឿងជាច្រើនត្រូវបានចងក្រងបញ្ជូនមកតុលាការ ដើម្បីកាត់ទោសតាមច្បាប់ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស ដូច្នេះ ទាំងនេះជាវិធានការមួយក្នុងការអនុវត្តច្បាប់។ បន្ថែមពីនេះគ្រាន់ក្នុងតំបន់អភិរក្សភ្នំត្នោត ភ្នំពក មានករណីបញ្ជូនសំណុំរឿងមកកាន់តុលាការ មានចំនួនជាង ២០ករណី ក្រៅពីការបញ្ជូនជនល្មើសមកកាន់តុលាការ មន្ត្រីចម្រុះរួមមាន៖ មន្ត្រីឧទ្យានុរក្ស កងកម្លាំងអាវុធហត្ថ សមត្ថកិច្ចមូលដ្ឋាន អង្គការជាដៃគូរ និងប្រជាសហគមន៍ តែងតែចុះល្បាតជាប់ជាប្រចាំដើម្បីទប់ស្កាត់រាល់បទល្មើសបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជម្រករបស់ខ្លួនជាដើម។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់
មន្ត្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារ និងអភិរក្សហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។
លោក នេត្រ ភក្ត្រា បានបន្ថែមយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននឹងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយសក្តានុពលទេសចរណ៍។
ដោយឡែក លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ថា ការអប់រំ និងផ្សព្វផ្សាយពីសារៈប្រយោជន៍ព្រៃឈើ និងសត្វព្រៃ ដល់ប្រជាពលរដ្ឋ គឺជារឿងមួយមិនអាចមើលរំលងបានឡើយ។
លោកថាមន្រ្តីឧទ្យានុរក្ស និងសហការជាមួយកងម្លាំងសមត្ថកិច្ច ប្រជាសហគមន៍បានរួមគ្នាការពារព្រៃឈើ សត្វព្រៃ ធ្វើឱ្យតំបន់នេះបច្ចុប្បន្ននៅសំបូរទៅដោយសត្វព្រៃ និងព្រៃឈើដែលថ្ងៃខាងមុខនឹងក្លាយជាកន្លែងទេសចរណ៍យ៉ាងសំខាន់មួយផងដែលនៅខេត្តព្រះវិហារ៕