(ភ្នំពេញ)៖ កងវិស្វកម្មពហុជំនាញ របស់កម្ពុជា ចំនួន៩២នាក់ ដែលក្នុងនោះមាន ស្រី១៥នាក់ផងដែរ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសលីបង់ ក្រោមស្លាកអង្គការសហប្រជាជាតិ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា។
កងវិស្វកម្មពហុជំនាញ លេខ៩២៨ នៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ (ទាហានមួកខៀវ) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង០៦៖២៥នាទីល្ងាចនេះ តាមជើងយន្តហោះរបស់UN លេខ ET8801 ក្នុងបេសកកម្មប្តូរវេន។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម៕