(កំពង់ធំ)៖ លោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសាររបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ជូនដល់មន្ត្រីគណបក្សក្រសួងទេសចរណ៍ គណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ សរុបប្រមាណជិត ២០០នាក់។
បន្ទាប់ពីលោក ទិត ចន្ថា អនុប្រធានគណបក្សក្រសួងទេសចរណ៍ បានឡើងអានរបាយការណ៍ និងទិសដៅការងាររួចមក លោក ថោង ខុន បានណែនាំដល់មន្ត្រីគណបក្សប្រជាជនអនុវត្តការងារសំខាន់ៗដូចខាងក្រោម៖
១. នៅគណបក្សក្រសួងទេសចរណ៍៖ ប្រធានសាខាបក្សទាំងអស់ត្រូវបន្តផ្សព្វផ្សាយខ្លឹមសាររបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ទៅដល់គ្រប់សមាជិកបក្សនៅតាមសាខារបស់ខ្លួន និងធ្វើរបាយការណ៍មកគណៈអចិន្ត្រៃយ៍គណបក្សក្រសួង ដើម្បីរាយការណ៍ទៅគណបក្សថ្នាក់លើ។
២. ចំពោះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក៖ ប្រធានគណបក្សឃុំត្រូវបន្តផ្សព្វផ្សាយខ្លឹមសាររបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ឲ្យបានជ្រួតជ្រាបទៅដល់គ្រប់សាខាបក្សភូមិ និងសមាជិកបក្សទាំងអស់ និងធ្វើរបាយការណ៍លទ្ធផលមកគណៈអចិន្ត្រៃយ៍គណបក្សស្រុកទាំងពីរ ដើម្បីរាយការណ៍ទៅគណបក្សថ្នាក់លើ។
លោក ថោង ខុន ក៏បានរំលឹកដល់មន្ត្រីគណបក្សគ្រប់ថ្នាក់បន្តពង្រឹងអនុវត្តនូវវិធានការ និងសេចក្តីណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់។
លោក ថោង ខុន បានណែនាំដល់រដ្ឋបាលស្រុកទាំងពីរយកចិត្តទុកដាក់គ្រប់គ្រងទឹក ត្រៀមទប់ទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំ ពីព្រោះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ប្រទេសកម្ពុជានឹងជួបអាកាសធាតុក្ដៅខ្លាំង។
ឆ្លៀតក្នុងឱកាសនេះ លោក ថោង ខុន ក៏បានប្រគល់សេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពីការតែងតាំង និងបំពេញបន្ថែមរចនាសម្ព័ន្ធគណបក្សក្រសួងទេសចរណ៍ ជូនដល់មន្ត្រីគណបក្សក្រសួង ដែលរួមមាន៖ បន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ ៦រូប បន្ថែមសមាជិកគណៈកម្មាធិការបក្ស ១៩រូប តែងតាំងគណៈកម្មាធិការហិរញ្ញវត្ថុបក្ស ៥រូប និងតែងតាំងសមាជិកគណៈកម្មាធិការត្រួតពិនិត្យបក្ស ១រូប៕