(ឧត្តរមានជ័យ)៖ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃកម្ពុជា សាខាខេត្តឧត្តរមានជ័យ ត្រូវបានវាយតម្លៃថាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវចំណេះដឹង និងជំនាញដល់កូនចៅប្រជាពលរដ្ឋនៅជាយដែនខ្មែរ-ថៃ។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង បានលើកឡើងថា ខេត្តឧត្តរមានជ័យ ជាខេត្តមួយនៅឆ្ងាយពីរាជធានីភ្នំពេញ។ ដូច្នេះជាឧបសគ្គមួយសម្រាប់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងខេត្តនេះ ក្រោយពេលពួកគេបញ្ចប់ការសិក្សាថ្នាក់ចំណេះដឹងទូទៅ។
បើតាមលោកស្រី ហេង សុជាតិ ទោះបីមានការប្រឹងប្រែងជំរុញ និងផ្សព្វផ្សាយលើកកម្ពស់ពីការអប់រំយ៉ាងណាក្តី ក៏នៅតែមានសិស្សខ្លះសម្រេចចិត្តបោះបង់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រោះតែខ្វះលទ្ធភាពបន្តការសិក្សានៅរាជធានីភ្នំពេញ។
សម្រាប់លោកស្រីអភិបាលរងក្រុងវត្តមានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា នៅក្នុងខេត្តឧត្តរមានជ័យ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្តល់ការអប់រំដល់កូនចៅប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ឱ្យទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។
លោកស្រី បានបញ្ជាក់ដូច្នេះ «វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃកម្ពុជា សាខាខេត្តឧត្ដរមានជ័យ គឺបានលើកកម្ពស់ឲ្យសិស្សនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដប្រកបដោយគុណភាពពីលោកគ្រូ អ្នកគ្រូដែលជាសាស្រ្តាចារ្យ។ ជាពិសេសក៏បានចូលរួមកាត់បន្ថយនូវការចំណាយរបស់និស្សិតនៅក្នុងខេត្តផងដែរ»។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ លោក គីម ថុន នាយករងវិទ្យាស្ថានបានលើកឡើងថា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃកម្ពុជា (ISTC) គឺជាស្ថាប័នអប់រំ និងបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ ចក្ខុវិស័យរបស់ ISTC គឺបណ្ដុះបណ្ដាលនិស្សិតអោយមានសមត្ថភាពប៉ិនប្រសប់ ស្វ័យវិច្ឆ័យឆន្ទៈ និងការបង្កើតថ្មីក្នុងកម្រិតជាតិនិងអន្តរជាតិស្របទៅតាមទិសដៅ និងផែនការដែលបានដាក់ចេញនិងអនុវត្តសម្រាប់ប្រមូលនិស្សិតចូលរៀនឆ្នាំសិក្សាថ្មីជំនាន់ទីពីរ និងបន្ថែមជំនាញថ្មីមួយចំនួនថែមទៀត។
នាយករងវិទ្យាស្ថានរូបនេះបន្តថា វិទ្យាស្ថានផ្តល់នូវជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានការស្រាវជ្រាវច្បាស់លាស់ប្រកបដោយគុណភាពសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមលើកកម្ពស់វិស័យសិក្សាធិការ សេដ្ឋកិច្ច ការរស់នៅ កិត្យានុភាពប្រទេសជាតិ តាមរយៈការអប់រំ និងសហប្រតិបត្តិការលើឆាកជាតិ និងឆាកអន្តរជាតិដោយផ្អែកលើគោលការណ៍សន្តិភាពអភិបាលកិច្ចល្អនិងអហឹង្សាធម៌ជាមូលដ្ឋាន។
សូមបញ្ជាក់ថា វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃកម្ពុជា សាខាខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វិទ្យាស្ថានបណ្ដុះបណ្ដាល០៤កម្រិត គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមាន ០៦ជំនាញ គឺជំនាញ រដ្ឋបាលសាធារណៈ, គ្រប់គ្រងធុរកិច្ច, ព័ត៌មានវិទ្យា, រដ្ឋបាលសាធារណៈ, ទីផ្សារ, ធនាគារ និងហិរញ្ញវត្ថុ។
បច្ចុប្បន្នវិទ្យាស្ថាន មានសិស្សនិស្សិតសរុបជាង ១,០០០នាក់៕