(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរស្រុកកោះសូទិន ប្រឹងប្រែងផ្តល់សេវាឆ្លើយតបសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្តកំពងចាម បានលើកឡើងដូច្នេះ ក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា «ខ្ញុំស្នើសុំឲ្យអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកកោះសូទិន ខិតខំបម្រើសេវាជូនប្រជាជន ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោល គឺធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានសេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពររបស់ពួកគាត់ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា»

លោកអភិបាលខេត្ត បានថ្លែងណែនាំផងដែរថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ប្រជាជន និងត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា ក៏បានណែនាំអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ដូចជាករណីចោរលួច ចោរប្លន់ជាដើម។ លោកបានលើកឡើងថា សមត្ថកិច្ចយើងទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់នូវមធ្យោបាយសរុប វិធានការសរុប ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានរបស់យើង សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខជូនប្រជាជន។

ក្នុងពិធីសម្ពោធអគារទីស្នាក់ការបក្សក្នុងឃុំល្វេនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានក្រើនរំលឹកអាណាព្យាបាល ត្រូវនាំកូនចូលសាលារៀនបានគ្រប់ៗគ្នា ស្របពេលជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស កុំឱ្យពិបាកក្នុងការទៅសិក្សាឆ្ងាយពីផ្ទះ។

លោករដ្ឋមន្ត្រី បានសង្កត់ថា ការឱ្យកូនៗបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគេមានចំណេះដឹង ហើយមានតែចំណេះដឹងនោះហើយ ដែលរុញច្រានឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ និងចេញផុតពីភាពក្រីក្របាន៕