(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ពិធីជប់លៀងប្រចាំឆ្នាំ ២០២១ របស់បេនវិច គ្រុប និងពិធីសម្ពោធក្លឹបប្រដាល់ឡុងហៃ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ ហ័ង សាន អិលធើណេសិនណល ក្នុងរាជធានីភ្នំពេញ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក Han Ze ប្រធានក្រុមហ៊ុន រេនរិច គ្រប និងថ្នាក់ដឹកនាំជាច្រើនរូបនៃក្រុមហ៊ុន បេនរិច គ្រុប បានមានវត្តមានក្នុងពិធីនេះ ព្រមទាំងរឡើងថ្លែងសុន្ទរកថា។
លោកស្រី ម៉ែន សំអន បានបន្តថា មហាមិត្តចិនបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កម្ពុជាជាច្រើន រួមមាន ហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ជំនួយឥតសំណង កម្ចីសម្រាប់ការអភិវឌ្ឍ ផ្តល់សម្ភារៈ យានយន្ត ថ្នាំពេទ្យ និងជាពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ប្រទេសចិនបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងដែរ។
«ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍនៅប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនង ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យផ្សេងៗទៀត»។ នេះបើតាម លោកស្រីឧបនាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ លោកស្រីបានថ្លែងនូវការលើកទឹកចិត្តដល់ក្លឹបប្រដាល់ឡុងហៃ និងស្នើសូមឲ្យបង្កើតវេទិកាសម្រាប់ការប្រកួតប្រដាល់ជាតិ និងអន្តជាតិ ពិសេសផ្តោតលើការបណ្តុះបណ្តាលអ្នកប្រដាល់ឱ្យមានសមត្ថិភាពគ្រប់គ្រាន់ ដើម្បីចូលរួមព្រឹត្តិការណ៍ទ្រង់ទ្រាយធំលំដាប់អន្តរជាតិ តំណាងឱ្យប្រទេសកម្ពុជា និងធ្វើសហប្រតិបត្តិការជាមួយវេទិកាព្រឹត្តិការណ៍ល្បីៗទាំងក្នុង និងក្រៅប្រទេស និងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាចម្រុះ។
សូមជម្រាបថា ក្រុមហ៊ុន បេនរិច គ្រុប បានចាប់ផ្តើមពីឆ្នាំ២០១៥ ដោយផ្តោតសំខាន់លើវិស័យអចលនទ្រព្យ អាហារ និងកីឡា។ បច្ចុប្បន្នក្រុមហ៊ុនបេនរិចគ្រុប បានសាងសង់សំណង់អគារអន្ដរជាតិសាងទូ (Shangdu) ដែលកំពុងលេចចេញជារូបរាង នៅកណ្តាលរាជធានីភ្នំពេញ ចំងាយប្រហែល ៥០០ម៉ែត្រពីផ្សារធំថ្មី មានកម្ពស់ ៣៦ជាន់។ គម្រោងត្រូវបានបញ្ចប់ការសាងសង់តំណាក់កាល់ទី១ ដោយជោគជ័យ ហើយកំពុងបន្តការតុបតែង និងបំពាក់គ្រឿងសង្ហារឹមក្នុងតំណាក់កាលទី២ ដែលគ្រោងនឹងបញ្ចប់ជាសា្ថពរនៅឆ្នាំ២០២២ខាងមុខ។
ក្រុមហ៊ុនក៏បានបង្កើតក្លឹបប្រដាល់មួយដែលមានឈ្មោះថា ក្លឹបប្រដាល់ ឡុងហាយ ដើម្បីរួមចំណែក លើកស្ទួយវិស័យកីឡាប្រដាល់ រួមទាំងប្រដាល់សេរី និងគណខ្មែរគ្រប់ទម្រង់របស់កម្ពុជា និងជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងចិន និងកម្ពុជា។
លោកស្រី ម៉ែន សំអន ក៏ថ្លែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះបេនរិចគ្រុបដែលបានទទួលជោគជ័យ ដោយបានដំណើរការគម្រោងវិនិយោគដ៏ធំនៅកម្ពុជា។ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងបន្តថា ជាការពិតណាស់ក្រោមការដឹកនាំ ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះកម្ពុជា ទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ លើសពីនេះទៀត កម្ពុជាអាចគ្រប់គ្រងសភាពការណ៍ទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ បានគួរឱ្យកត់សំគាល់ ហើយយើងរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញ ជាបណ្តើរៗ នៅឆ្នាំនេះ និងឆ្នាំខាងមុខ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបេនរិចគ្រុប ដែលមានជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅលើរាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាពវិនិយោគ និងជួយជំរុញវិស័យកីឡា។ លោកស្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបេនរិច គ្រុប និងក្លិបប្រដាក់ឡុងហាយ ធ្វើសកម្មភាពរបស់ខ្លូន ដោយជោគជ័យ និងសូមគោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមានរបស់កម្ពុជា។
«សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះនឹងបន្តសកម្មភាពប្រកបដោយជោគជ័យ តទៅទៀត ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ ប្រជាពលរដ្ឋកម្ពុជា»។ នេះជាការរំពឹងទុក របស់លោកស្រី ម៉ែន សំអន។
ក្នុងកម្មវិធីនេះ ពិធីជប់លៀងប្រចាំឆ្នាំត្រូវបានចាប់ផ្តើមជាផ្លូវការដោយការសម្តែងរបាំអប្សរា។ លោក Han Ze ប្រធានក្រុមហ៊ុន បេនរិច គ្រុប បានឡើងថ្លែងសុន្ទរកថាអំពីលទ្ធផលប្រកបដោយផ្លែផ្ការបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំប្រកបដោយភាពប្រកួតប្រជែង ក្រោមស្ថានភាពរាតត្បាតនៃជំងឺកូវិដ-១៩ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ដៃគូសហការ និងការខិតខំបំពេញការងាររបស់បុគ្គលិកទាំងអស់ក្នុងរយៈពេលកន្លងមក ហើយបានជូនពរជ័យសម្រាប់ឆ្នាំថ្មីដល់អ្នកទាំងអស់ក្នុង។
លោកប្រធាន Han បានបន្តថា ក្រុមហ៊ុន បេនរិចគ្រប នឹងបន្តពន្លឿនល្បឿននៃការធ្វើពិពិធកម្មសាជីវកម្មនៅឆ្នាំ ២០២១ ដោយគ្រោងធ្វើការវិនិយោគជាង ៥០ លានដុល្លារអាមេរិកក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ ដែលនឹងបង្ហាញជូនគម្រោងអចលនទ្រព្យគោលជាច្រើននៅកម្ពុជា។ ក្លឹបប្រដាល់ឡុងហៃ ដែលស្ថិតក្នុងគម្រោងប្រតិបត្តិការកម្មវិធីប្រកួត ក៏បាននាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់វិស័យប្រដាល់នៅកម្ពុជា។
ពីធីសម្ពោធក្លឹបប្រដាល់ឡុងហៃ ក៏ត្រូវបានប្រារព្ធឡើងទន្ទឹមគ្នាក្នុងល្ងាចថ្ងៃពិធីដែរ ហើយលោក Guo នាយកគ្រប់គ្រងក្លឹបប្រដាល់ឡុងហៃ ក៏បានផ្តល់នូវការណែនាំខ្លីៗអំពីទស្សនវិជ្ជាស្នូល បេសកកម្មក្នុងការអភិវឌ្ឍ និងក្រុមគ្រងជើងឯកពិភពលោក ព្រមទាំងបានបង្ហាញថា ក្លឹបប្រដាល់ឡុងហៃនឹងផ្តោតលើម៉ាកនៃកម្មវិធីប្រដាល់ខ្នាតធំលំដាប់អន្តរជាតិនៅកម្ពុជា ចូលរួមលើកកម្ពស់ការផ្លាស់ប្តូរនៃកីឡាចម្រុះនិងបន្តលើកកម្ពស់ឧស្សាហកម្មវប្បធម៌សិល្បៈក្បាច់ប្រដាល់ខ្មែរ។
សុន្ទរកថារបស់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស បានធ្វើឲ្យអ្នកមានវត្តមានក្នុងពិធីទាំងអស់មានមានរំភើបក្រៃលែង។ កម្មវិធីសម្តែងសិល្បៈនៅក្នុងជប់លៀងប្រចាំឆ្នាំនេះ ប្រកបដោយភាពទាក់ទាញ ជាមួយតន្ត្រី ផ្កាស្រស់ និងសំណើចក្អាកក្អាយនៅក្នុងពិធីទាំងមូល។ ការសម្តែងទេពកោសល្យរបស់បុគ្គលិកក្រុមហ៊ុនបេនរិច គ្រុប បានបង្ហាញពីភាពរស់រវើកនិងភាពស្រស់ស្អាតនៃពិធីបុណ្យចូលឆ្នាំចិន។ ជាមួយគ្នានេះដែរ កម្មវិធីចាប់ឆ្នោតផ្សងសំណាង ក៏បានធ្វើឲ្យបរិយាកាសនៃពិធីជប់លៀងប្រចាំឆ្នាំឈានដល់កម្រិតកំពូល រង្វាន់ធំៗ ដូចជាប្រាក់ដុល្លារ អូឌីយ៉ូ JBL ទូរសព្ទ iPhone និងរង្វាន់ជាច្រើនផ្សេងទៀត ត្រូវបានផ្តល់ជូនម្តងមួយៗ សម្រាប់ជាការលើកទឹកចិត្តដល់អ្នករាល់គ្នាក្នុងការខិតខំប្រឹកប្រែងបំពេញការងារ៕